វេទិកាការងារគ្រោងនាំយកឱកាសការងារ ៨៧ ៣៦១កន្លែង ជូនអតីតពលករដែលត្រឡប់មកពីថៃ និងពលរដ្ឋខេត្តបាត់ដំបង និងខេត្តប៉ៃលិននៅចុងសប្ដាហ៍នេះ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារចំនួន ៨៧ ៣៦១កន្លែងសម្រាប់បងប្អូនអតីតពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី០៧-០៨ ខែកុម្ភៈខាងមុខនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន កំពុងស្វែងរកការងារ អាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗដោយផ្ទាល់នៅទីតាំងចំនួន ៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។
សេចក្ដីជូនដំណឹងបន្តថា នៅថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ គ្រោងរៀបចំនៅខេត្តប៉ៃលិន ស្រុកសាលាក្រៅ នៅក្នុងបរិវេណសាលាស្រុក សាលាក្រៅ ហើយសម្រាប់ខេត្តបាត់ដំបង គ្រោងរៀបចំនៅស្រុកសំឡូត នៅក្នុងបរិវេណសាលាស្រុកសំឡូត។
សម្រាប់ថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ គ្រោងរៀបចំនៅក្នុងបរិវេណវិទ្យាល័យ ក្រុងទេពនិមិត្ត ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រីឯនៅខេត្តបាត់ដំបង គ្រោងរៀបចំនៅស្រុករតនមណ្ឌល នៅក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េផងដែរ។
បន្ថែមពីលើនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវដល់បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនមកចូលរួមកម្មវិធី ផ្ដល់ជូនទាំងអាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ ហើយសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ ១២៩៧៕
