ព័ត៌មានជាតិ

បទវិភាគ៖ ហេតុអ្វីបានជា “ឆ្នាំចិន” របស់ APEC ត្រូវអ្នកផងទាំងពួងរំពឹងទុកយ៉ាងខ្លាំងក្លា ?

" "

ចាប់តាំងពីបានចូលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)នៅឆ្នាំ១៩៩១មក តួអង្គរបស់ប្រទេសចិនក្នុងអង្គការ APECបានប្រែពីអ្នកចូលរួមយ៉ាងសកម្មនៅដំណាក់កាលដំបូង ក្លាយទៅជាអ្នកណែនាំនិងកម្លាំងដ៏នឹងនរសម្រាប់ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ។

ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជាច្រើន ដូចជាការជំរុញពាណិជ្ជកម្មសេរីភាវូបនីយកម្មក្នុងតំបន់ ជំរុញការអភិវឌ្ឍបៃតងជានិរន្តរភាព និងណែនាំកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថលជាដើម ហើយបានក្លាយទៅជាក្បាលម៉ាស៊ីគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងកម្លាំងដ៏នឹងនរសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការក្នុងតំបន់ផងដែរ ។

" "

ដោយបានតាមការបន្តវេនក្លាយទៅម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការ APECនៅឆ្នាំ២០២៦ សកម្មភាពនៃ“ឆ្នាំចិន”របស់ APEC ត្រូវបានដំណើរការដោយគ្រប់ជ្រុងជ្រោយ ។

" "

ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសចិននឹងរៀបចំកិច្ចប្រជុំនិងសកម្មភាពចំនួនប្រមាណបីរយលើកនៅទីក្រុងជាច្រើន ដែលពាក់ព័ន្ធនឹងវិស័យអាទិភាពទាំងបី រួមមាន “កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម” និង “ការបើកទូលាយ ការច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបតិ្តការ ” ក្នុងនោះរួមមានកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំកំពូលក្រៅផ្លូវការ និងសកម្មភាពមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីជំរុញដំណើរការកិច្ចសហប្រតិបតិ្តការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកអោយបានគ្រប់ជ្រុងជ្រោយ ។

បច្ចុប្បន្ននេះ បរិយាកាសអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបាននឹងកំពុងកើតមានបម្រែបម្រួលយ៉ាងស្មុគស្មាញនិងជ្រាលជ្រៅ ។ សភាពការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងខ្លាំង ការគាំពារនិយមបានងើបឡើងវិញជាបន្តបន្ទាប់ កំណើនសេដ្ឋកិច្ចសកលមានភាពអន់ថយ ការណ៍ទាំងនេះសុទ្ធតែបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងចំពោះកំណើនសេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ តើធ្វើយ៉ាងណា ទើបអាចបន្តអច្ឆរិយភាពសេដ្ឋកិច្ចរបស់អាស៊ី-ប៉ាស៊ីហ្វិកតាមរយៈការបង្កើនកិច្ចសហប្រតិបតិ្តការ នេះជាបញ្ហាដ៏សំខាន់និងបន្ទាន់ដែលអង្គភាពសេដ្ឋកិច្ចនៃអង្គការ APECទាំងអស់ត្រូវប្រឈមមុខជាមួយគ្នា ។

ក្នុងបរិបទនេះ ប្រទេសចិនបានក្លាយជាប្រធានប្តូរវេននៃអង្គការ APECជាលើកទីបី ហើយត្រូវអ្នកផងទាំងពួងមានការរំពឹងទុកយ៉ាងខ្លាំង ។ លោក Kyu-Ho Lee ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់ខាងឧស្សាហកម្មនិងសេដ្ឋកិច្ចនៃអង្គការ APEC ឆ្នាំ២០២៥ បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មកម្មន្តសាល បញ្ញាសិប្បនិម្មិត ជីវបច្ចេកវិទ្យានិងថាមពលថ្មីជាដើម ទំនើបកម្មតាមបែបផែនចិនបានផ្តល់កាលានុវត្តភាពថ្មីក្នុងការត្រួសត្រាយទីផ្សារនិងកិច្ចសហប្រតិបតិ្តការបច្ចេកវិទ្យាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូច្នេះ ប្រទេសចិនបានក្លាយជាប្រធានប្តូរវេននៃអង្គការ APEC ឆ្នាំ២០២៦ ពិតជាមានសារសំខាន់ណាស់ ដោយរំពឹងទុកថា ប្រទេសចិនអាចពង្រីកឧត្តមភាពរបស់ខ្លួនលើវិស័យសេដ្ឋកិច្ចឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងភាពធន់នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីបំពេញបន្ថែមកម្លាំងដ៏រស់រវើកថ្មីដល់កិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ។

លោកស្រី Julia Torreblanca តំណាងនៃប្រទេសប៉េរូរបស់ក្រុមប្រឹក្សាប្រឹក្សាយោបល់ខាងឧស្សាហកម្មនិងសេដ្ឋកិច្ចនៃអង្គការ APEC បានថ្លែងថា ជានិច្ចជាកាល ប្រទេសចិនតែងតែបានដើរតួនាទីមានលក្ខណៈស្ថាបនានិងណែនាំក្នុងក្របខ័ណ្ឌអង្គការ APEC ។ ការដែលប្រទេសចិនធ្វើជាប្រធានប្តូរវេននៃអង្គការ APEC ជាលើកទីបី និងក្លាយជាឱកាសដ៏សំខាន់សម្រាប់អង្គភាពសេដ្ឋកិច្ចនានាអាស៊ី-ប៉ាស៊ីហ្វិកពួតដៃគ្នាបង្កើតកិច្ចសហប្រតិបតិ្តការ និងកសាងទំនុកចិត្តឡើងវិញ ក៏ដូចជារំលឹកឡើងវិញនូវពាក្យសច្ចាស្តីពីពាណិជ្ជកម្មសេរីភាវូបនីយកម្ម ការបើកទូលាយនិងបរិយាបន្នភាព ។

ក្នុងគ្រាដែលកិច្ចសហប្រតិបតិ្តការអាស៊ី-ប៉ាស៊ីហ្វិកប្រឈមនឹងសភាពការណ៍ថ្មីនិងការសាកល្បងថ្មី អ្នកផងទាំងពួងមានក្តីរំពឹងក្នុងការស្តាប់សំឡេងរបស់ចិន និងមើលគម្រោងផែនការចិន។ ប្រទេសចិនអាចប្រើប្រាស់ពុទ្ធិចិនដ៏ជ្រាលជ្រៅ និងទំនួលខុសត្រូវយ៉ាងអង់អាចក្លាហានរបស់ខ្លួន ប្រមូលផ្តុំបាននូវមតិឯកភាពរួមដ៏ខ្លាំងស្តីពីសន្តិភាព វឌ្ឍនភាព កិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ លើឆាកអាស៊ី-ប៉ាស៊ីហ្វិក រហូតដល់ពិភពលោក ។

ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងថា យើងរស់នៅក្នុងសម័យមិនប្រាដប្រជា ប៉ុន្តែអាចឆ្លើយតបនឹងភាពមិនប្រាដប្រជាតាមរយៈកិច្ចសន្ទនានិងការយោគយល់គ្នា ។ អនាគតរបស់អាស៊ី-ប៉ាស៊ីហ្វិក គឺឋិតនៅការប្រកាន់ខ្ជាប់ពហុភាគីនិយម ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការមានទំនុកចិត្តដល់គ្នាទៅវិញទៅមក ហើយនឹងស្វែងរកមាគ៌ាមានភាពឈ្នះ-ឈ្នះលើវិស័យបច្ចេកវិទ្យាឌីជីថលឆ្លាតវៃ ការធ្វើបរិវត្តកម្មបៃតង ការផ្តល់ផលប្រយោជន៍ជាទូទៅ និងការចែករំលែកជាមួយគ្នា ។

ក្នុងគ្រាប្រឈមនឹងរលកកាន់តែខ្លាំង កាន់តែត្រូវមានការរួមសុខរួមទុក្ខជាមួយគ្នា ។ សកម្មភាពAPEC មិនត្រឹមតែជាកិច្ចប្រជុំប្រចាំឆ្នាំមួយលើកប៉ុណ្ណោះទេ ថែមទាំងជាយន្តការជឿទុកចិត្តរយៈពេលយូរអង្វែងក្នុងតំបន់ផងដែរ ។ ឆ្លងតាមរយៈការច្នៃប្រឌិតថ្មីប្រព័ន្ធរបប កិច្ចសហប្រតិបតិ្តការបៃតង និងការរួមចំណែកបច្ចេកវិទ្យា ប្រទេសចិនបានប្រើប្រាស់សកម្មភាពជាក់ស្តែង ដើម្បីជំរុញឱ្យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍជានិរន្តរភាពរបស់អាស៊ី-ប៉ាស៊ីហ្វិកឈានចូលក្នុងដំណាក់កាលថ្មី ។

ក្រសែចក្ខុរបស់ពិភពលោកបានផ្តោតសំខាន់ទៅលើប្រទេសចិនជាថ្មីម្តងទៀត ហើយបានរំពឹងទុកថា“ឆ្នាំចិន”របស់ APEC ផ្តល់កាលានុវត្តភាពថ្មីដល់ការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាចង្អុលបង្ហាញយ៉ាងច្បាស់ពីទិសដៅបោះជំហានទៅមុខរបស់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក ៕

To Top