បច្ចុប្បន្នភាព របាយការណ៍ របស់អង្គការសហប្រជាជាតិ បានង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ននេះ មនុស្សម្នាក់ ក្នុងចំណោម៤នាក់ នៅជុំវិញពិភពលោក បានងើបចេញពីខ្សែបន្ទាត់ នៃភាគក្រីក្រ ប៉ុន្តែការឆ្លងរាលដាល នៃវីរុសCovid-19 កំពុងបង្អាក់ដំណើរ នៃគម្រោងកាត់បន្ថយភាពក្រីក្រសកល និងកំពុងរារាំងមនុស្ស លើលោក មិនអោយងើបដើរចេញផុត ពីខ្សែបន្ទាត់ នៃភាពក្រីក្រ ទៅតាមការរំពឹងទុក ។
សូមរំលឹកជូនថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ អង្គការសហប្រជាជាតិ បានដឹកនាំកិច្ចប្រជុំមួយនៅទីក្រុង អាឌី អាបេបា របស់ប្រទេសអេត្យូពី ដោយពិភាក្សា ផ្តោតសំខាន់ លើកាត់បន្ថយភាពក្រីក្រ អោយអស់ ឬអោយនៅចំនួនតិចតួចបំផុត នៅឆ្នាំ២០៣០ខាងមុខ ដោយត្រូវការទឹកប្រាក់ ប្រមាណ២៥០០លានដុល្លារ អាមេរិកក្នុងមួយឆ្នាំ ។
ប៉ុន្តែការឆ្លងរាលដាល នៃវីរុសCovid-19 នៅជុំវិញពិភពលោក កំពុងធ្វើអោយគម្រោងកាត់បន្ថយភាពក្រីក្រសកលនេះ រលាយសាបសូន្យជាបណ្តើរៗហើយ ខណៈដែលបច្ចុប្បន្ននេះ ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសភាគច្រើននៅលើពិភពលោក បានដាក់វិធានការបិទប្រទេស ឬដាក់បទបញ្ជាអោយប្រជាពលរដ្ឋ របស់ខ្លួនស្នាក់នៅក្នុងផ្ទះ កុំចេញទៅខាងក្រៅ ដែលជាវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19 ប៉ុន្តែវិធានការនេះ វា ហាក់បីដូចជាបិទខ្ទប់ប្រាក់ ចំណូលប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែរបស់ប្រជាពលរដ្ឋដែរ ដោយសារពលរដ្ឋមិនអាចចេញ ទៅប្រកបមុខរបរបាន ។
ធនាគារពិភពលោក World Bank អោយដឹងថា វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃវីរុសCovid-19 ដោយតម្រូវអោយពលរដ្ឋ ស្នាក់នៅក្នុងផ្ទះ កំពុងធ្វើអោយប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ច និងរុញច្រានប្រជាពលរដ្ឋ យ៉ាងហោចណាស់៤៩លាននាក់ នៅជុំវិញពិភពលោក អោយធ្លាក់ចូលទៅក្រោមខ្សែបន្ទាត់ នៃភាពក្រីក្រម្តងទៀត ខណៈជនក្រីក្រប្រមាណ១០%នៅជុំវិញពិភពលោក អាចធ្លាក់ចូលក្នុងអន្លង់នៃភាពក្រីក្រសាជាថ្មី ។
ដើមចមនាំអោយកើតរឿងអ្នកជំនាញផ្នែកសង្គម របស់អង្គការសហប្រជាជាតិ បាននិយាយថា ដើមចមសំខាន់ ដែលនាំអោយប៉ះពាល់ ដល់គម្រោងកាត់បន្ថយភាពក្រីក្រសកល គឺការឆ្លងរាលដាល នៃវីរុសCovid-19 ដែលនាំអោយមានការបែកបាក់ សង្គមមនុស្សកាន់តែធំ នៅជុំវិញពិភពលោក និងនាំអោយប៉ះពាល់ខ្លាំង ដល់កំណើនសេដ្ឋកិច្ចសកល ដែលប្រទេសមានឧស្សាហកម្ម លូតលាស់មិនអាចជួយដល់ ប្រទេសក្រីក្របាន ។
ចាប់តាំងពីឆ្នាំ១៩៩០ រហូតដល់មួយឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនក្រីក្របំផុត ដែល កំពុងរស់នៅដោយ មានប្រាក់ចំណូលតិចជាង ១.៩០ដុល្លារអាមេរិក ស្មើនឹងជាង៣០០០រៀល ក្នុងមួយថ្ងៃ បានធ្លាក់ចុះពីចំនួនប្រមាណ២ពាន់លាននាក់ ឬប្រហែល៣០% នៃចំនួនប្រជាជនពិភពលោកសរុប មកនៅត្រឹមប្រហែល ចំនួន៦៣០លាននាក់ ឬស្មើត្រឹម៨% ហើយរហូតមកដល់ពេល បច្ចុប្បន្ននេះ ប្រជាជនពិភពលោកសរុបមានចំនួនតិចជាង១០%ប៉ុណ្ណោះ ដែល កំពុង រស់នៅក្រោម បន្ទាប់ នៃ ភាពក្រីក្រ ។
របាយការណ៍របស់ធនាគារពិភពលោក បាន បង្ហាញថា ដោយសារតែវីរុស Covid-19 អត្រានៃភាពក្រីក្រនៅជុំវិញពិភពលោក នឹងកើនឡើងខ្ពស់ នៅពេលខាងមុខ ដល់ជាង៤២០លាននាក់ ដែលចំនួននេះ ប្រហាក់ប្រហែលនឹង ចំនួនប្រជាជនអាមេរិក ខាងត្បូងទាំងមូល ដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្យាករណ៍ថា ពិភពលោកអាច នឹងប្រឈមភាពអត់ឃ្លាន ក្នុងកម្រិតមួយទ្វេដងនៅចុងឆ្នាំ២០២០នេះ ។
សន្និដ្ឋាន៖ តើពិភពលោក អាចនឹងទៅជាងយ៉ាងណា ក្រោយពីវីរុស Covid-19 រលាយរលត់ផុត ចេញពីភពផែនដី ?
ក្រុមសេដ្ឋវិទូ របស់ធនាគារពិភពលោក បានប៉ាន់ប្រមាណថា ទោះបីជាវីរុសCovid-19 នឹងរលាយរលត់ ទៅពីភពផែនដីក៏ដោយ ក៏ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សន្តិសុខសុខភាព នៅតែបន្តកើតឡើងជាច្រើនឆ្នាំដែរ ដោយសារស្នាមរបួស នៃការឆ្លងរាលដាល នៃវីរុសនេះ នៅតែបន្តអូសបន្លាយតទៅទៀត ។
នៅពេលបច្ចុប្បន្ននេះ វីរុសផ្លូវដង្ហើមមួយនេះ នៅតែបន្តឆ្លងរាលដាល ក្នុងកម្រិតខ្ពស់នៅឡើយ ហើយក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រ ក៏មិនអាចប៉ាន់ប្រមាណ បានពីទីបញ្ចប់ នៃវីរុសមួយនេះដែរ ខណៈវ៉ាក់សាំង ឬថ្នាំសម្រាប់ព្យាបាល នៅមិនទាន់ត្រូវបានរកឃើញ នៅឡើយនោះ ។
ផលប៉ះពាល់ ផលប៉ះពាល់ពិភពលោក ដែលកើតចេញពីវីរុសCovid-19 គឺការឃ្លាតចេញពីគ្នាកាន់តែឆ្ងាយ នៃប្រទេសនានា ជាពិសេស គឺប្រទេសដែលមាន ឧស្សាហកម្មជឿនលឿន មានសហរដ្ឋអាមេរិក ប្រទេសចិន ជប៉ុន អាល្លឺម៉ង់ និងអង់គ្លេសជាដើម ដែលកំពុងគិតតែពីខ្លួនឯងផ្ទាល់ និងមិនគិតពីប្រទេស ផ្សេងនោះទេ ។
វីរុសCovid-19 បានវាយប្រហារយ៉ាងខ្លាំង ទៅលើប្រទេសមានឧស្សាហកម្មលូតលាស់ នៅលើពិភពលោក មានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន នៅតំបន់អឺរ៉ុបជាដើម ដែលធ្វើអោយប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច ជាហេតុនាំអោយមេដឹកនាំ នៃប្រទេសទាំងនោះ ចាប់ផ្តើមគិតពីខ្លួនឯងច្រើន ជាងប្រទេសដទៃ ៕
ដោយ ៖ អ៊ិន ជិន