ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួន ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ។

បន្ទាប់ពីបាន អនុវត្តនូវផែនការយុទ្ធសាស្ដ្ររបស់ខ្លួន ពេញមួយឆ្នាំ២០២៥ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

តាមរយៈរបាយការណ៍ វឌ្ឍនភាពការងារ និងការធ្វើបទបង្ហាញស្ដីពីលទ្ធផលការងារដែលសម្រេចបាន តាមកម្មវិធីអាទិភាពទាំង ៥ ក្នុងឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចនូវលទ្ធផលការងារក្នុងឆ្នាំតាមកម្មវិធីអាទិភាពនីមួយៗគួរជាទីមោទនៈដូចខាងក្រោម៖

កម្មវិធីទី១៖ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រទាក់ក្រឡាប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ” សម្រេចបានលទ្ធផលប្រមាណ ៩៧% នៃផែនការប្រចាំឆ្នាំ។ ក្នុងនោះក្រសួងបានស្ថាបនា ពង្រីកវិសាលភាពនិងកែលម្អលើកកម្រិតផ្លូវជនបទបានប្រវែង ១ ២៨៩ គ.ម និងសំណង់សិល្បការ្យគ្រប់ប្រភេទចំនួន ១៧ ៧៥៨ កន្លែង ព្រមទាំងបានថែទាំនិងជួសជុលផ្លូវជនបទបានប្រវែង ៣ ៧៤៨ គ.ម និងសំណង់សិល្បការ្យគ្រប់ប្រភេទចំនួន ៨៤កន្លែង ។

កម្មវិធីទី២៖ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ” សម្រេចបានលទ្ធផលប្រមាណ ៩៩% នៃផែនការប្រចាំឆ្នាំ។
កម្មវិធីទី៣៖ “ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ ឌីជីថល និងបរិយាបន្ន” សម្រេចបានលទ្ធផល ១០០% នៃផែនការប្រចាំឆ្នាំ។ ក្នុងនោះ ក្រសួងបានប្រកាសទទួលស្គាល់និងប្រគល់វិញ្ញាបនបត្រ «ភូមិគំរូ» ជូនដល់ភូមិជ័យលាភីចំនួន ៥១ភូមិ និងកំពុងអនុវត្តគម្រោងភូមិគំរូចំនួន ៣៤ភូមិបន្ថែមទៀត ក្នុងនោះ «ភូមិសន្តិភាព» ចំនួន ៣០ភូមិ និង «ចលនាភូមិថ្មី» ចំនួន ៤ភូមិ ដែលធ្វើឱ្យចំនួនភូមិគំរូសរុបកើនដល់ចំនួន ១១៥ភូមិ, បានពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិបានចំនួន ៤៨៨ភូមិ, បានកំណត់យកសហគមន៍គោលដៅអនុវត្តចំនួន ៥សហគមន៍ សម្រាប់ការងារត្រី-វិស័យ “កសិកម្ម-ទឹក-ជនបទ” ព្រមទាំងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណ សហគមន៍ជនជាតិដើមភាគតិចចំនួន ១៤សហគមន៍ ធ្វើឱ្យកើនដល់ចំនួន ២១៨សហគមន៍។
កម្មវិធីទី៤៖ “ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតាមតំបន់ជនបទ” សម្រេចបានលទ្ធផលប្រមាណ ៩៨% នៃផែនការប្រចាំឆ្នាំ ។ ក្នុងនោះ ក្រសួងបានបណ្តុះ បណ្តាលពង្រឹងសមត្ថភាពមន្ត្រីបានចំនួន ៦ ៤៦៦នាក់ និងប្រជាពលរដ្ឋ ចំនួន ៦៦ ៨៥៨នាក់ ដែលគិតត្រឹមឆ្នាំ២០២៥ មន្ត្រីដែលបានទទួល ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពកើនដល់ចំនួន ៧០ ៥២៨ នាក់ និង ប្រជាពលរដ្ឋកើនដល់ចំនួន ១៥០ ៧៤៧ នាក់ ។
កម្មវិធីទី៥៖ “ការពង្រឹងអភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការ ” សម្រេចបាន ១០០% នៃផែនការប្រចំាឆ្នាំ។ ក្នុងនោះ ក្រសួងបានចូលរួម អនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗចំនួន៣គឺ៖ ទី(១). កំណែទម្រង់រដ្ឋបាលសាធារណៈ៖ ក្រសួងបានបញ្ចប់វិភាគមុខងារ និងទទួលបានអនុក្រឹត្យលេខ២៣៧ អនក្រ.បក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី ការរៀបចំនិងការប្រព្រឹត្ត ទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានរៀបចំគោលនយោបាយ ជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដោយទទួលបានការឯកភាព ពីគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ទី(២).កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ៖ ក្រសួងបាននិងកំពុងអនុវត្តផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ គណនេយ្យភាពសមិទ្ធកម្ម និងទី(៣).កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖ ក្រសួងបានដំណើរការងារយ៉ាងរលូនដោយបានបន្តផ្តល់សេវាដល់ថ្នាក់ក្រោមជាតិក្នុងទម្រង់នៃការអនុវត្តរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈការធ្វើប្រតិភូកម្ម មុខងារចំនួន ៣ ទៅរដ្ឋបាលក្រុង ស្រុកគោលដៅ។

សមិទ្ធផលជាច្រើនដែលសម្រេចបានខាងលើ គឺបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួម សហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលជាចំណែកដ៏ចាំបាច់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តនិងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
