ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ ឱ្យក្រុមហ៊ុនមួយ នៅរាជធានីភ្នំពេញ បញ្ឈប់ដុតកំទេចក្រណាត់
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ និងបច្ចេកទេសបរិស្ថាន លើក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ជាប្រទេភរោងចក្រកាត់ដេរ សម្លៀកបំពាក់ជាប្រទេភរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុន ធ្វើការការដុតកំទេចក្រណាត់ និងមិនទាន់រៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ នាំឱ្យមានការបំពុលខ្យល់ និងប៉ះពាល់ដល់គុណភាពបរិស្ថាននៅជុំវិញ ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏តម្រូវឱ្យក្រុមហ៊ុនអនុវត្ត បញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ និង ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់។

ក្រុមហ៊ុនត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ លើសពីនេះ ក្រុមហ៊ុនត្រូវរៀបចំបំពាក់ប្រព័ន្ឋសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងត្រូវធ្វើកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម ជាមួយក្រុមហ៊ុនដែលទទួលស្គាល់ពីក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រី នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចុះត្រួតពិនិត្យករណីមានផ្សែងខ្មៅហុយចេញពីបំពង់ផ្សែងឡចំហាយរបស់ក្រុមហ៊ុនខាងលើ។ ក្រុមការងារ បានរកឃើញនៅក្រៅបរិវេណរោថចក្រ បំពង់ផ្សែងឡចំហាយមានហុយផ្សែងខ្មៅ តែពុំមានក្លិនឈ្ងៀមនៅទេ ៕

