ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក អះអាងជាថ្មី អំពីឯករាជ្យភាព និងអធិបតេយ្យភាព របស់ប្រទេស

ម៉ិកស៊ិក៖​ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឧ្យដឹងថា ប្រទេសម៉ិកស៊ិក​ រក្សាជំហររឹងមាំ និងមិនរង្គោះរង្គើក្នុង ការការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន។

ប្រធានាធិបតីបានបញ្ជាក់ថា អធិបតេយ្យភាព ជាតិមិនមានហានិភ័យទេ ហើយបានបដិសេធលទ្ធភាពណាមួយ​ ដែលប្រទេសនេះក្លាយជាអាណានិគម ឬអាណាព្យាបាល របស់មហាអំណាចបរទេសណាមួយម្តងទៀត ក្នុងអំឡុងពេលរំលឹកខួបលើកទី១០៩ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩១៧ ដែលបានប្រារព្ធឡើងនៅរដ្ឋ Queretaro កណ្តាល ចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីទីក្រុងម៉ិកស៊ិក។

លោក Sheinbaum បានលេីកឡេីងថា “ម៉ិកស៊ិកនឹងមិនវិលត្រឡប់ទៅរករបបឯកសិទ្ធិ និងអំពើពុករលួយវិញទេ។ ម៉ិកស៊ិក​ នឹងមិនវិលត្រឡប់ទៅរកការក្លាយជាអាណានិគម ឬអាណាព្យាបាលរបស់នរណាម្នាក់ឡើយ។ ហើយម៉ិកស៊ិក​ នឹងមិនដែលបោះបង់ចោលធនធានធម្មជាតិរបស់ខ្លួនឡើយ”។

លោក Sheinbaum បានបន្ដថា “ម៉ិកស៊ិកមិនឱនក្បាល មិនលុតជង្គង់ មិនចុះចាញ់ និងមិនលក់ខ្លួនឡើយ” ខណៈពេលដែលបញ្ជាក់ជាថ្មីអំពីគោលការណ៍ ប្រវត្តិសាស្ត្រនៃឯករាជ្យភាពជាតិ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top