សម្ដេចតេជោ អញ្ជើញ ជាព្រះរាជតំណាងព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក តូ ឡឹម
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក តូ ឡឹម អគ្គលេខាធិការ បក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជានៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ អគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម៕







