ព័ត៌មានជាតិ

ក្រុមរកស៊ីទុច្ចរិត កំពុងធ្វើការឈូសឆាយព័ទ្ធយកដីប្រជាពលរដ្ឋ ៩៤គ្រួសារ មានទាំង ផ្នូរ ដីស្រែ ចំការ ដំណាំផ្សេងៗ ដើម្បីធ្វើបណ្ណកម្មសិទ្ធលក់អោយក្រុមហ៊ុន

កំពត៖ ប្រជាពលរដ្ឋ ៩៤គ្រួសារនៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត (ទំនប់ប្រទ័ក្សក្រឡា) កំពុងប្រឈមនឹងការឈូសឆាយដីស្រែ ចំការ ដំណាំ និងដីផ្នូរដែលពួកគេបានកាន់កាប់ប្រើប្រាស់អាស្រ័យផលជាយូរឆ្នាំ ដើម្បីធ្វើបណ្ណកម្មសិទ្ធិលក់ឱ្យជនជាតិចិន។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រួសារមួយចំនួនបានកាន់កាប់ដីតាំងពីជំនាន់ជីតា មានផ្នូរ ដូនតានៅលើដី ខណៈខ្លះទៀតបានចាប់ផ្តើមប្រើប្រាស់តាំងពីឆ្នាំ២០០៨។ ពួកគេបានរស់នៅ និងអាស្រ័យផលលើដីនេះដោយសន្តិភាព រហូតដល់ដើមខែមករា ឆ្នាំ២០២៦ ពួកគេភ្ញាក់ផ្អើលឃើញក្រុមមនុស្សមួយក្រុម (ដែលគេស្គាល់ថាជាក្រុមរកស៊ីទិច្ចរិត) មកបោះបង្គោល និងឈូសឆាយដីរបស់ពួកគេដោយគ្មានការជូនដំណឹងជូនម្ចាស់ដី ឬអាជ្ញាធរមូលដ្ឋាន។

ប្រជាពលរដ្ឋបានរាយការណ៍ថា ការងារឈូសឆាយបានបន្តដោយប្រើអេស្កាវ៉ាទ័រ ដែលបង្កឱ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះជីវភាព និងសិទ្ធិកម្មសិទ្ធិរបស់ពួកគេ។ ពួកគេបានទៅសួរនាំលោកមេឃុំកូនសត្វ ដែលលោកមេឃុំបានណែនាំឱ្យដាក់ពាក្យបណ្តឹងនៅសាលាឃុំ។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ វេលា ម៉ោង៨:៣០នាទី ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងជាផ្លូវការ។ បន្ទាប់មក មានការកោះហៅទៅប្រជុំនៅសាលាស្រុកទឹកឈូ ប៉ុន្តែនៅពេលទៅដល់ លោកមេឃុំបានប្រាប់ឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ដោយថាមិនមានការប្រជុំអ្វីនៅថ្ងៃនោះទេ ហើយមានតែអាជ្ញាធរមានសមត្ថកិច្ចប្រជុំតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ បញ្ហានៅតែមិនទាន់មានដំណោះស្រាយច្បាស់លាស់។

ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរថ្នាក់ខេត្ត ជួយជ្រាមជ្រែង ទប់ស្កាត់ការឈូសឆាយបន្ត និងជួយរកដំណោះស្រាយយុត្តិធម៌ ដោយគោរពតាមច្បាប់ និងការពារសិទ្ធិកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលជាយូរឆ្នាំ។ ពួកគេបានបញ្ជាក់ថា ការបាត់បង់ដីនេះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពគ្រួសារ និងមរតកដីកេរ្តិ៍របស់ពួកគេ។ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦ មិនទាន់មានសេចក្តីរាយការណ៍ផ្លូវការឬការឆ្លើយតបជាសាធារណៈពីអាជ្ញាធរពាក់ព័ន្ធអំពីករណីនេះនៅឡើយទេ។

ប្រជាពលរដ្ឋរងគ្រោះទាំង ៩៤គ្រួសារ ទូទូចស្នើរដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត មេតាជួយអន្តរាគមន៍ទៅលើករណីខាងលើនេះ៕

To Top