លោក ត្រាំ អំពាវនាវឱ្យជំនួសសន្ធិសញ្ញានុយក្លេអ៊ែរអាមេរិក-រុស្ស៊ី ជាមួយនឹងកិច្ចព្រមព្រៀងថ្មីមួយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យជំនួសសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីជាមួយនឹងកិច្ចព្រមព្រៀងថ្មីមួយ។
លោក ត្រាំ បានឧ្យដឹងនៅលើបណ្ដាញTruth Social របស់លោកថា “យើងគួរតែមានអ្នកជំនាញនុយក្លេអ៊ែររបស់យើងធ្វើការលើសន្ធិសញ្ញាថ្មី ប្រសើរឡើង និងទំនើប ដែលអាចស្ថិតស្ថេរយូរអង្វែងទៅអនាគត”។
លោកបានបដិសេធមិនបន្តសន្ធិសញ្ញា ដែលផុតកំណត់នៅថ្ងៃព្រហស្បតិ៍ ហើយបានរិះគន់វា ដោយថា សន្ធិសញ្ញានេះគឺជា “កិច្ចព្រមព្រៀងដែលត្រូវបានចរចាមិនល្អ ដោយសហរដ្ឋអាមេរិក និងកំពុងត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ”។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ការផុតកំណត់នៃសន្ធិសញ្ញា New START គឺជា «ពេលវេលាដ៏អាក្រក់» សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។
សន្ធិសញ្ញា New START ដែលចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ មានគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយ និងប្រព័ន្ធចែកចាយរបស់វា។
សន្ធិសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១១ ជាមួយនឹងរយៈពេលសុពលភាពដំបូង ១០ ឆ្នាំ ហើយក្រោយមកត្រូវបានពង្រីករហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦៕
ប្រែសម្រួល ឈូក បូរ៉ា
