អ៊ុយក្រែនបញ្ជាក់ថា កិច្ចចរចាសន្តិភាពជុំបន្ទាប់ជាមួយអាមេរិក និងរុស្ស៊ី នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា កិច្ចចរចាសន្តិភាពលើកក្រោយជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។
លោក ហ្សេឡិនស្គី បានថ្លែងនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកថា “កិច្ចប្រជុំបន្ថែមទៀតត្រូវបានគ្រោងទុកនាពេលអនាគតដ៏ខ្លីខាងមុខនេះ ដែលទំនងជានៅសហរដ្ឋអាមេរិក”។
លោកបានសង្កត់ធ្ងន់ថា គៀវបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការងារក្នុងទម្រង់ណាមួយដើម្បីនាំមកនូវសន្តិភាពឱ្យកាន់តែខិតជិត។
គួរបញ្ជាក់ថា គណៈប្រតិភូមកពីអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្វើកិច្ចចរចាសន្តិភាពពីរជុំនៅអារ៉ាប់រួមនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានអ្នកចរចារបស់អ៊ុយក្រែន លោក Rustem Umerov បានឧ្យដឹងនៅលើបណ្ដាញ Telegram ថា ភាគីនានាបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលក្រោមកិច្ចព្រមព្រៀងនេះ រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមដោះលែងអ្នកទោសសង្គ្រាមចំនួន ១៥៧ នាក់ពីភាគីម្ខាងៗ។
លោក Umerov បានបន្ថែមថា ក្រុមចរចាក៏បានពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាដែលមិនទាន់ដោះស្រាយ រួមទាំងយន្តការសម្រាប់អនុវត្តបទឈប់បាញ់ និងត្រួតពិនិត្យការបញ្ឈប់សកម្មភាពយោធា៕
ប្រែសម្រួល ឈូក បូរ៉ា
