ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មថ្មីភ្លាមមួយទៀត ក្រោយបន្តិចការចរចាស្តីអំពីបញ្ហានុយក្លេអ៊ែរ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាដោយប្រយោលជាមួយសហរដ្ឋអាមេរិក ក្នុងប្រទេសអូម៉ង់កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងណាមួយស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចសម្រេចបានតាមរយៈការសន្ទនា ដោយស្ងប់ស្ងាត់ដោយគ្មានសម្ពាធ និងការគំរាមកំហែង។

យ៉ាងណាក្តីនៅបន្តិចក្រោយមក ទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងតេហរ៉ង់។

លោក Araghchi បានស្វាគមន៍ការបន្តកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី រយៈពេល៨ខែនៃភាពច្របូកច្របល់ ហើយបានហៅការចរចារយៈពេល៨ម៉ោងនៅទីក្រុង Muscat កាលពីថ្ងៃសុក្រ ដែលសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់ថាជាការចាប់ផ្តើមដ៏ល្អ។
អ្នកការទូតកំពូលរបស់ទីក្រុងតេហរ៉ង់រូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរចែករំលែកការយល់ស្របលើតម្រូវការដើម្បីបន្តកិច្ចចរចា។

មួយសន្ទុះបន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់ ក្រសួងការបរទេសអាមេរិកបានប្រកាសដាក់កំហិតប្រឆាំងនឹងអង្គភាពចំនួន ១៥ បុគ្គល២នាក់ និងនាវាចំនួន ១៤ ដោយចោទប្រកាន់ពួកគេថាមានទំនាក់ទំនងទៅនឹងអ្វីដែលគេហៅថា ពាណិជ្ជកម្មខុសច្បាប់នៅក្នុងប្រេងអ៊ីរ៉ង់ ផលិតផលប្រេង និងផលិតផលគីមីឥន្ធនៈ។សេក្តីថ្លែងការណ៍បានបញ្ជាក់ថាការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃ យុទ្ធនាការសម្ពាធអតិបរមា ដែលបានចាប់ផ្តើមដោយរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ៕

ប្រែសម្រួល៖ស៊ុនលី

To Top