ព័ត៌មានជាតិ

ចឹងសោះ! ករណីចោរប្លន់មាស ៥៥តម្លឹង នៅខេត្តបាត់ដំបង ជារឿងប្រឌិត កូនចាញ់ល្បែងអនឡាញ យកមាសឪម៉ែទៅលក់សង​បំណុល

បាត់ដំបង៖ ការពិតត្រូវបានលាតត្រដាង ចំពោះករណីល្បីកក្រើកខេត្តបាត់ដំបង ចោរប្លន់មាស៥៥តម្លឹង ពេលនេះស្នងការខេត្តបាត់ដំបង បានបើកការស៊ើបអង្កេត និងស្រាវជ្រាវឃើញថាគឺជារឿងប្រឌិតទាំងស្រុង ដោយការពិតបុគ្គលឈ្មោះ អ៊ុំ សុខចំរើន បានយកមាសរបស់ឪពុកម្តាយនេះ ទៅសង​បំណុលគេ ព្រោះជំពាក់រឿងចាញ់​ល្បែងអនឡាញ ។

បើយោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២​៦ នៅក្រុងបាត់ដំបង បានលេចឡើងនូវព័ត៌​មានថា មានករណីចោរប្លន់លំនៅឋាន ចំនួន០២ករណី ដាច់ដោយឡែកពី​គ្នាក្នុងអំឡុងពេលមិនដល់មួយម៉ោងផង ។

ឈ្មោះ អ៊ុំ សុខចំរើន ភេទប្រុស អា​យុ៣០ឆ្នាំ រស់នៅភូមិព្រែក ព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំ​បង មានមុខរបរជាងស្លរំលាយមាស បានអះអាងថា ខ្លួនត្រូវជនសង័្សយ ប្រើកាំ​បិតចាក់ខ្លួន ប្លន់មាសដុំ អស់ចំនួន ៥៥តម្លឹង (ហាសិបប្រាំតម្លឹង)។

ដោយឡែក ស្រ្តីឈ្មោះមៀន ម៉ារិយា អាយុ៣៦ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង​ ក៏​បានអះអាងថា ខ្លួនត្រូវជនសង័្សយប្រេីកាំ​បិតគំរាមប្លន់យកកាបូប ដែលមាន​ប្រាក់ដុល្លានិងគ្រឿងអលង្ការផង ប្រមាណជាង​ ២០០០​ដុល្លា (ពីរពាន់ដុល្លារ) នាថ្ងៃ​ដដែលនេះ។

ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង បញ្ជាក់ថា៖
១- ករណីដែលថា ចោរប្លន់មាស ចំនួន​៥៥តម្លឹង គឺជារឿង​ប្រឌិត របស់ឈ្មោះ អ៊ុំ​ សុខចំរើន​ តែម្នាក់ឯង ដដោយការពិតខ្លួនយកមាសរបស់ឪពុកម្តាយនេះ ទៅសង​បំណុលគេ ព្រោះជំពាក់រឿងចាញ់​ល្បែងអនឡាញ។
២- ករណីដែលថាចោរប្លន់ប្រាក់និងគ្រឿងអលង្ការនោះ គឺជារឿង​ប្រឌិតរបស់ស្រ្តីឈ្មោះ​ មៀន​ ម៉ារិយា​ ពព្រោះខ្លួនខឹងនឹងប្តីរបស់ខ្លួន មានប្រពន្ធចុង ទេីបប្រឌិតរឿងបែបនេះ ដើម្បីឱ្យប្តីគឹតគូរមករក​ខ្លួនវិញ។

ជាសរុបមក ករណីដែលផ្សព្វផ្សាយថា មានចោរប្ល​ន់មាសនិងប្រាក់ទាំងកណ្តាលថ្ងៃ នៅក្រុងបាត់​ដំបង ទាំង​០២ករណីនេះ គឺជារឿងប្រឌិតទាំងស្រុង ដែល​ការពិត គឺមិនមានករ​ណីចោរប្លន់នេះ​កើតមាននោះទេ។

ទោះជាបែបនេះក្តី សមត្ថកិច្ចនគរបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសាមីខ្លួនដែលបានប្រឌិតព័ត៌មាននេះឡើង បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យការងារ​សន្តិសុខសង្គមនៅ​ក្នុងមូលដ្ឋានខេត្តបាត់​ដំបង ទទួ​លរងនូវភាព​ស្រអាប់ បង្កការ​ភ័យខ្លាចដល់មហាជន ភ្ញៀវទេសចរជាតិ អន្តរ​ជាតិ ដែលមានបំណងមកកាន់ខេត្តបាត់ដំបង ព្រោះតែព័ត៌មានបំពុល​សង្គមបែបនេះ៕

To Top