ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជួបប្រជុំពិភាក្សា ជាមួយក្រុមការងារ អធិការកិច្ចពលករ បរទេស នៅតាមបណ្តារោងចក្រ សហគ្រាស

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា កាលពី រសៀល ថ្ងៃ ទី ២៧ ខែឧសភា ឆ្នាំ ២០២០ បាន ទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករ បរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ចាន់ វិចិត្រ អនុប្រធាន នាយកដ្ឋាន ជនបរទេសអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ អធិការកិច្ចពលករបរទេស ប្រចាំខេត្តកំពង់ចាម ។

ក្នុងឱកាសនោះស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ លោក សិត សិលា បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ ក្រុម ការងារអធិការកិច្ច ពលករបរទេស លើការងារចុះពិនិត្យ លើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម បានសរុបចំនួន៥៤៤នាក់ ស្រី១៧២នាក់ មាន១៥សញ្ជាតិ ក្នុងនោះរកឃើញអ្នកគ្មានប័ណ្ណ ការងារចំនួន០៦នាក់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ក្នុងម្នាក់ៗ៥០ម៉ឺនរៀល សរុប៣លានរៀល។

ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំគ្រឹះស្ថាន អាជីវកម្មនានាចំនួន៦៣ កន្លែងទូទាំខេត្ត ដើម្បីត្រៀមចុះអធិការកិច្ច លើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស ដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារឲ្យមានប្រសិទ្ធភាព ៕

To Top