ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន សង្កាត់ត្រពាំងក្រសាំង ជួបសំណេះសំណាល ជាមួយគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមាន ជីវភាពខ្វះខាត
ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ត្រពាំងក្រសាំង ដែលមានលោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាតចំនួន ៧៨គ្រួសារ ។ នៅក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង និងសប្បុរសជន ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក ងុយ រិទ្ធ បានលើកឡើងនូវវីរភាពរបស់វីរកងទ័ពរបស់កម្ពុជា ដែលបានលះគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីប្រឆាំង នឹងការឈ្លានពានពីប្រទេសជិតខាង។

លោកមានប្រសាសន៍បន្តថា សម្រាប់ កម្លាំងជួរក្រោយ នៅតែបន្តគាំទ្រវីរកងទ័ពជួរមុខ ហើយការចុះជួបសំណេះសំណាល នាពេលនេះ ក៏ដើម្បីពាំនាំនូវការនឹករលឹកពីសំណាក់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំពោះបងប្អូនគ្រួសារវីរកងទ័ព ដែលនៅក្នុងសង្កាត់ត្រពាំងក្រសាំង ក៏ដូចជានឹករលឹកចំពោះបងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជាលោករដ្ឋមន្ត្រី។

បន្ទាប់ពីជួបសំណេះសំណាលរួច លោកប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំងបាននាំយក អំណោយរបស់សប្បុរសជនចែកជូនគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាតផងដែរ៕






