ព័ត៌មានជាតិ

ប្រធានវិទ្យាស្ថាន ERIA ៖ កម្ពុជាមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែង ការគួរសម ខណៈប្រធានវិទ្យាស្ថាន ERIA បានបញ្ជាក់ថា «កម្ពុជាមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញ វិនិយោគិនជប៉ុន»។

ក្នុងឱកាស នៃជំនួបនេះ លោកសាស្ត្រាចារ្យ ប្រធានវិទ្យាស្ថាន ERIA បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីលទ្ធផល នៃការស្រាវជ្រាវស្ដីពី «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)»។ លោកសាស្ត្រាចារ្យ ក៏បានលើកឡើងពីសក្ដានុពល និង ឱកាសរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្ម ឧស្សាហកម្មថ្មី» ដែលការណ៍នេះ មិនត្រឹមតែរួមចំណែក ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែ ច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និង សកល។

បន្ថែមលើសនេះ, លោកសាស្ត្រាចារ្យ ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍ របស់វិនិយោគិនជប៉ុន ក្នុងការវិនិយោគបន្ថែម នៅកម្ពុជា ក៏ដូចជាការរៀបចំ នូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា ឱ្យកាន់តែច្រើន។

លោកសាស្ត្រាចារ្យ បានជម្រាប ជូនសម្តេចធិបតីថា បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុន កំពុងស្វែងរក ឱកាសក្នុងការ ផ្លាស់ប្ដូរ ទីតាំងផលិតកម្ម (Re-location)នៅក្នុងតំបន់ ហើយបាននិងកំពុងសម្លឹង មើលឱកាស ក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាព របស់វិទ្យាស្ថាន ERIA។ ជាមួយគ្នានោះ, សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោត ការយកចិត្តទុកដាក់លើការបង្កើត តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ប្រទេសជាក់លាក់ និង ឧស្សាហកម្មជាក់លាក់ ជាដើម។

ក្នុងន័យនេះ សម្ដេចធិបតី បានលើកទឹកចិត្ត ឱ្យលោកសាស្ត្រាចារ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង វិស័យឯកជន ទាំងនៅជប៉ុន និងកម្ពុជា សំដៅពិនិត្យលទ្ធភាពក្នុងការជ្រើសរើសនូវម៉ូដែល សម្រាប់គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសទ្វេភាគី ឬត្រីភាគី។

To Top