រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការលើកទី២
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបើកការធ្វើតេស្ត រកសារធាតុញៀនមន្ត្រីរាជការស៊ីវិល ក្នុងខេត្តកំពង់ចាមលើកទី២ ដោយពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

លោកអភិបាលខេត្ត លោក អ៊ុន ចាន់ដាបានមានប្រសាសន៍ក្នុងឱកាសនោះថា សារធាតុញៀនគឺបង្កនៅផលលំបាកប៉ះពាល់ដល់បញ្ហាសន្តិសុខភាព ការបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យខូចដល់អនាគតយុវជនជាដើម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនមន្ត្រីរាជការពេលនេះ គឺក្នុងគោលបំណង ៣ដូចខាងក្រោម ៖
ទី១ ៖ បញ្ជាក់ថាមន្ត្រីរបស់យើងមានភាពស្អាតស្អំ មិនមានអ្នកប្រើប្រាស់សារធាតុញៀននៅក្នុងអង្គភាព និងជាកន្លែងផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលល្អ ជាមជ្ឈមណ្ឌលមិនមានការប្រើប្រាស់សារធាតុញៀន។
ទី២ ៖ ជាគំរូល្អដល់ប្រជាពលរដ្ឋ ដល់មហាជន ឱ្យរៀនសូត្រពីមន្ត្រីរបស់យើង ដើម្បីពួកគាត់បានដុះខាត់នូវស្មារតី របស់ពួកគាត់កុំឲ្យពាក់ព័ន្ធជាមួយសារធាតុញៀន និងជាការបញ្ជូនសារទៅកូនចៅក្នុងបន្ទុក របស់ពួកគាត់កុំឱ្យពាក់ព័ន្ធ នូវសារធាតុញៀននោះ ។
ទី៣ ៖ គឺបញ្ជាក់ពីការចូលរួមរបស់មន្ត្រីយើងជាមួយនឹងរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលយើងបានខិតខំប្រឹងប្រែងគិតគូរ អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពសេដ្ឋកិច្ចសង្គម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខសុភមង្គល ដោយបានដាក់ចេញនូវគោលការណ៍ ឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរបស់យើង ខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ការផ្សព្វផ្សាយ ការអនុវត្តច្បាប់ ទៅលើបញ្ហាពាក់ព័ន្ធគ្រឿងញៀននេះ ។





អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
