លោក Orban លើកឡើងថាអ៊ុយក្រែនគឺជាសត្រូវរបស់ហុងគ្រី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចាត់ទុកអ៊ុយក្រែនថាជា សត្រូវ ជុំវិញការទាមទាររបស់ខ្លួនឱ្យហុងគ្រីឈប់ទិញប្រេង និងឧស្ម័នពីរុស្ស៊ី។
រដ្ឋាភិបាលទីក្រុង Budapest បានទប់ទល់នឹងការប៉ុនប៉ងរបស់ EU ក្នុងការបញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន ដែលបានកើនឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ថ្លែងនៅឯការប្រមូលផ្តុំយុទ្ធនាការមួយនៅទីក្រុង Szombathely ភាគខាងលិចកាលពីថ្ងៃសៅរ៍ លោក Orban បានចោទប្រកាន់អ៊ុយក្រែនថាបានធ្វើឱ្យខូចសន្តិសុខរបស់ប្រទេសហុងគ្រី។
លោក Orban បាននិយាយថា ៖ប្រជាជនអ៊ុយក្រែនត្រូវតែបញ្ឈប់ការទាមទារឥតឈប់ឈររបស់ពួកគេនៅទីក្រុងប្រ៊ូសែល ដើម្បីផ្តាច់ទំនាក់ទំនងហុងគ្រីពីថាមពលរុស្ស៊ីដែលមានតម្លៃថោកៗ។
លោកបាននិយាយថា ៖ដរាបណាអ៊ុយក្រែនទាមទារឱ្យហុងគ្រីកាត់ចេញពីថាមពលរុស្ស៊ីថោក អ៊ុយក្រែនមិនមែនគ្រាន់តែជាគូប្រជែងរបស់យើងទេ អ៊ុយក្រែនគឺជាសត្រូវរបស់យើង ដោយព្រមានថាគ្រួសារនឹងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃវិក័យប័ត្រប្រើប្រាស់។
លោកOrban បានរំលឹកឡើងវិញនូវការប្រឆាំងរបស់គាត់ចំពោះអ៊ុយក្រែនដែលចូលរួមក្នុងសហភាពអឺរ៉ុបដោយលើកហេតុផលថា សម្ព័ន្ធភាពយោធា ឬសេដ្ឋកិច្ច ជាមួយក្រុងគៀវ នឹងនាំឱ្យមានបញ្ហា ។ កាលពីថ្ងៃចន្ទ ប្រទេសហុងគ្រីបានប្រកាសថា ខ្លួននឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្លុកនេះ ជុំវិញអ្វីដែលខ្លួនហៅថាការហាមឃាត់ ការធ្វើអត្តឃាត លើថាមពលរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
