ព័ត៌មានអន្តរជាតិ

កិច្ចចរចា Muscat និយាយអំពីការគ្រប់គ្រងសញ្ញានៃហានិភ័យ មិនមែនការផ្សះផ្សាគ្នារវាងអ៊ីរ៉ង់ និងអាមេរិកនោះទេ

គ៊ែរ៖​ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានកំណត់លក្ខណៈនៃការចរចានុយក្លេអ៊ែរដោយប្រយោលថ្មីៗនេះជាមួយសហរដ្ឋអាមេរិកថាជា “ជំហានទៅមុខ” ទោះបីជាទីក្រុងវ៉ាស៊ីនតោន​ បានផ្លាស់ប្តូរ​ ដើម្បីរឹតបន្តឹងសេដ្ឋកិច្ចជុំវិញទីក្រុងតេអេរ៉ង់​ ជាមួយនឹងទណ្ឌកម្មថ្មី និងការគំរាមកំហែងពន្ធគយក៏ដោយ។

ការចរចានេះ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ តំណាងឱ្យទំនាក់ទំនងកម្រិតខ្ពស់លើកដំបូងរវាងសត្រូវទាំងពីរចាប់តាំងពីជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់​ កាលពីខែមិថុនាឆ្នាំមុន ដែលក្នុងអំឡុងពេលនោះសហរដ្ឋអាមេរិក​ បានវាយប្រហាររោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់។

ខណៈពេលដែលលោក Pezeshkian បានកំណត់ការសន្ទនាថាជា “យុទ្ធសាស្ត្រស្របគ្នា” របស់ទីក្រុងតេអេរ៉ង់​ សម្រាប់ដំណោះស្រាយដោយសន្តិវិធី អ្នកវិភាគបានឧ្យដឹងថា ការបើកចំហរការទូតឆ្លុះបញ្ចាំងពីការគ្រប់គ្រងវិបត្តិដោយប្រុងប្រយ័ត្នជាជាងការផ្សះផ្សាគ្នាពិតប្រាកដណាមួយ។

ដោយសរសេរនៅលើគណនីបណ្ដាញសង្គម X របស់លោក លោក Pezeshkian បានឧ្យដឹងថា មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់​ នៅតែស្ថិតនៅក្នុង «សិទ្ធិជាក់ស្តែង» ដែលធានាដោយសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ។ លោកបានសរសេរថា «ប្រជាជាតិអ៊ីរ៉ង់​ តែងតែឆ្លើយតបទៅនឹងការគោរពដោយការគោរព ប៉ុន្តែខ្លួននឹងមិនអត់ឱន​ ចំពោះភាសានៃកម្លាំងនោះទេ»។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi ដែលបានដឹកនាំគណៈប្រតិភូអ៊ីរ៉ង់នៅទីក្រុង Muscat បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនខ្វះ «ភាពហ្មត់ចត់ចាំបាច់» ដើម្បីអនុវត្តដំណើរការការទូតទៅមុខ។

លោកបានលេីកឡេីងថា ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើអ៊ីរ៉ង់ និងចលនាយោធាមួយចំនួននៅអាស៊ីខាងលិច «បង្កើនការសង្ស័យអំពីកម្រិតនៃភាពធ្ងន់ធ្ងរ និងការត្រៀមខ្លួនរបស់ភាគីម្ខាងទៀត» ដោយចង្អុលទៅអ្វីដែលលោកពិពណ៌នាថា​ ជាសញ្ញាចម្រុះពីសហរដ្ឋអាមេរិក។

លោកបានសង្កត់ធ្ងន់ថា សិទ្ធិនុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់ រួមទាំងការបង្កើនអ៊ុយរ៉ាញ៉ូម គឺមិនអាចចរចាបាននោះទេ ហើយថា វឌ្ឍនភាពណាមួយនឹងអាស្រ័យលើសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហានោះដោយភាពធ្ងន់ធ្ងរ។ លោកបានបន្ថែមថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់​ មិនដែលមាន ហើយនឹងមិនមាននៅក្នុងរបៀបវារៈនៃការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ដោយកិច្ចចរចាផ្តោតតែលើបញ្ហានុយក្លេអ៊ែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top