ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការតឹងរឹងបំផុត ចំពោះអ្នកប្រើឧបករណ៍ល្មើសច្បាប់គ្រប់ប្រភេទ

កំពង់ស្ពឺ ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុង ស្រុក ទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវៈចម្រុះឱ្យបានយ៉ាងតិចមួយកន្លែង ដើម្បីបង្កើនធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតចំពោះជនទាំងឡាយណាប្រើប្រាស់ឧបករណ៍ល្មើសច្បាប់គ្រប់ប្រភេទ។

ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី០៤ របស់ក្រុមប្រឹក្សាខេត្ត ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក អភិបាលខេត្ត បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាខេត្តមួយដែលសំបូរទៅដោយអាងទឹកធំៗ ប៉ុន្តែមិនសំបូរនូវធនធានជលផលនោះទេ និយាយជារួមគឺជីវចំរុះ។ ទាំងនេះគឺបណ្តាលមកពីការគ្រប់គ្រងរបស់មន្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានភាពធូររលុង មិនអើពើ ឬក៏ចាត់វិធានការក្តៅចំពោះជនល្មើសដែលតែងប្រើប្រាស់ឧបករណ៍ហាមឃាត់គ្រប់ប្រភេទពិសេសគឺឧបករណ៍ឆក់។

លោក អភិបាលខេត្ត បន្ដថា ដោយកត្តាអំណោយផលដែលខេត្តនេះសំបូរទៅដោយអាងស្តុកទឹកធំៗដែលអាចជាជម្រកនូវជីវចំរុះអាចរស់នៅបាន ដូច្នេះអាជ្ញាធរក្រុង ស្រុកទាំង៩ ត្រូវតែរៀបចំទីតាំងភូមិសាស្ត្រអាងណាមួយក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីព្រលែងពួជត្រីចម្រុះចូលទៅក្នុងអាងនោះដើម្បីពង្រីកពួជធាឱ្យធនធានជលផលមានការកើនឡើងវិញ ជាងនេះគឺផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ីនិងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការរកចំណូលពីការនេសាទតាមបែបប្រពៃណី និងទេសចរណ៍ធម្មជាតិ។

ជាមួយ និងការណែនាំនោះ លោក អភិបាលខេត្ត ក៏បានលើកឡើងបន្ថែមថា ដើម្បីការពារ អភិរក្សជីវៈចម្រុះជលផលក្រោយការរៀបចំ និងព្រលែងពួជត្រីចូលទៅក្នុងអាងរួចរាល់ អាជ្ញាធរត្រូវបង្កើតជាសហគមន៍និងកន្លែងអភិរក្សដោយសហការ ជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការយាមល្បាត ហើយត្រូវដាក់វិធានការឱ្យបានតឹងរឹងបំផុតចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ឆក់នៅពេលដែលចាប់ខ្លួនបាន ធ្វើយ៉ាងនេះដើម្បីឱ្យជនល្មើសមានការរៀងចាលនិងរក្សាបាននូវនិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ៕

To Top