ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាលកម្ពុជា តវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃជាបន្តបន្ទាប់

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការបន្តការតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃ ស្របនឹងជំហរសហគមន៍អន្តរជាតិ ដែលជំរុញឱ្យដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដោយសន្តិវិធី។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦លោក ប៉ែន បូណា បានលើកឡើងថា ការបន្តការតវ៉ានេះបានធ្វើឡើងតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។ ក្នុងនោះតាមរយៈក្រសួងការបរទេស កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដោយបានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់។

លិខិតតវ៉ានោះបានបញ្ជាក់ថា ទីតាំងដែលថៃបានដាក់ទូរកុងតឺន័រទាំងនោះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុងដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ចំណែកឯការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែលកាន់កាប់ដោយកងកម្លាំងថៃតាមមធ្យោបាយយោធា ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រលិល្បៈកម្ពុជាវិញ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលថា ប្រាសាទតាក្របីនិងតំបន់ប្រាសាទតាមាន់ស្ថិតក្នុងដែនអធិបតេយ្យរបស់ថៃ។ ក្រសួងវប្បធម៌ បញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រទាំងនេះស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាទាំងស្រុង ដូចមានកំណត់ច្បាស់ក្នុងអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង១៩០៧ ដែលមានផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយ ហើយក៏ដូចគ្នាជាមួយនឹងមូលដ្ឋានផ្លូវច្បាប់ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រើកាលពីឆ្នាំ១៩៦២ ដើម្បីកាត់ក្តីសំណុំរឿងប្រាសាទព្រះវិហារដែរ៕

To Top