ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ១ភាគរយ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ ប្តេជ្ញាបន្តការចរចាជាមួយគ្នា

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះ ១% នៅថ្ងៃចន្ទ ខណៈដែលការបារម្ភអំពីជម្លោះនៅមជ្ឈិមបូព៌ាគឺបានធូរស្រាល បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានសន្យាថា នឹងបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់នៅចុងសប្តាហ៍នេះ ដែលធ្វើឲ្យវិនិយោគិនស្ងប់ចិត្តចំពោះការថប់បារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រេងឆៅ Brent បានធ្លាក់ចុះ ៦៧ សេន ឬ ១% មកនៅត្រឹម ៦៧,៣៨ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ ខណៈដែលប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ៦២,៩៤ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៦១ សេន ឬ ១%។

លោក Tony Sycamore អ្នកវិភាគទីផ្សារ IG បាននិយាយថា “ជាមួយនឹងការចរចាបន្ថែមទៀត ការភ័យខ្លាចភ្លាមៗអំពីការរំខានដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា គឺបានធូរស្រាលច្រើន”។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានសន្យាថា នឹងបន្តការចរចានុយក្លេអ៊ែរដោយប្រយោល បន្ទាប់ពីអ្វីដែលភាគីទាំងពីរបានពិពណ៌នាថា ជាការពិភាក្សាវិជ្ជមាននៅថ្ងៃសុក្រនៅប្រទេសអូម៉ង់ ទោះបីជាមានភាពខុសគ្នាក៏ដោយ។ នោះវាបានបន្ធូរបន្ថយការភ័យខ្លាចថា ការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងអាចជំរុញឱ្យមជ្ឈិមបូព៌ាខិតទៅជិតសង្គ្រាម ខណៈដែលសហរដ្ឋអាមេរិកបានដាក់កងកម្លាំងយោធាបន្ថែមទៀតនៅក្នុងតំបន់នោះ។

វិនិយោគិនក៏មានការព្រួយបារម្ភអំពីការរំខានដែលអាចកើតមានចំពោះការផ្គត់ផ្គង់ពីអ៊ីរ៉ង់ និងប្រទេសផលិតប្រេងក្នុងតំបន់ផ្សេងទៀត ខណៈដែលការនាំចេញស្មើនឹងប្រហែលមួយភាគប្រាំនៃការប្រើប្រាស់ប្រេងសរុបរបស់ពិភពលោកឆ្លងកាត់ច្រកសមុទ្រ Hormuz រវាងអូម៉ង់ និងអ៊ីរ៉ង់៕

ប្រែសម្រួលៈ ណៃ តុលា

To Top