ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នឹងដឹកនាំអ្នកវិនិយោគ និងព័ត៌មានកូរ៉េទស្សនកិច្ចកម្ពុជា
ភ្នំពេញ ៖ លោក PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC បានប្រាប់ទៅលោកឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េថា នាពេលខាងមុខឆាប់ៗនេះ លោកនឹងមានគម្រោងដឹកនាំក្រុមអ្នកវិនិយោគនិងអ្នកព័ត៌មានទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្ហាញសុខសន្តិភាពរបស់កម្ពុជាដែលកំពុងតែមាន ។

ការអះអាងរបស់លោក PARK JOO BONGបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយលោក ឃួន ផុនរតនៈ នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល ។

ក្នុងឱកាសនៃជំនួប ឯកអគ្គរាជទូតកម្ពុជា បានលើកឡើងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញបានកើតឡើងកាលពីឆ្នាំកន្លងមក ។

សម្រាប់លោក PARK JOO BONG បានលើកឡើងថា ប្រទេសកូរ៉េនៅតែផ្តល់សារៈសំខាន់ដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។ ដោយលោក PARK បានលើកឡើងអំពីគម្រោងដឹកនាំក្រុមគណៈប្រតិភូកូរ៉េ ប្រហែល២០នាក់ ទៅប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈនេះ ក្នុងនោះមានអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េផងដែរ ដើម្បីបង្ហាញឱ្យពួកគេឃើញថា កម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ ហើយអ្នកសារព័ត៌មានកូរ៉េ អាចរាយការណ៍ពីតថភាពក្នុងប្រទេសកម្ពុជា ដល់ប្រជាជនកូរ៉េ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ។

ជាកិច្ចឆ្លើយតបឯកអគ្គរាជទូតកម្ពុជាស្វាគមន៍ចំពោះគម្រោងរបស់លោក PARK ក្នុងការដឹកនាំក្រុមគណៈប្រតិភូកូរ៉េទៅប្រទេសកម្ពុជា ដែលស្របទៅនឹងផែនការសកម្មភាពរបស់ស្ថានទូតដែលកន្លងមកស្ថានទូត តែងតែព្យាយាមស្នើឱ្យប្រព័ន្ធសារព័ត៌មានកូរ៉េផ្សព្វផ្សាយអំពីភាពពិតក្នុងប្រទេសកម្ពុជា និងចុះផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដើម្បីផ្តល់ទំនុកចិត្ត និងរក្សាសុខសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរ។ ឯកអគ្គរាជទូតបានបន្តថា ស្ថានទូតត្រៀមខ្លួនរួចជាស្រេចក្នុងការសហការរៀបចំជំនួបរវាងក្រុមគណៈប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕
