លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកដំណើរ ការគម្រោងវះកាត់បេះដូង
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង នៅមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី៨ កុម្ភៈ ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលផងដែរ ។
ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍អបអរសាទរ ប្រកបដោយមោទកភាព ចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងលើកទឹកចិត្តដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ ឱ្យខិតខំព្យាយាមពង្រឹង សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើកិច្ចការ ជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ។ លោកជំទាវបណ្ឌិត ថែមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការលះបង់កម្លាំងកាយចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិការ និង បុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលបានផ្តល់នូវអនាគត និងសុខុមាលភាព ដល់កុមារកម្ពុជាគ្រប់ៗរូប ដែលជាទំពាំងស្នងឬស្សី របស់ជាតិ។ លោកជំទាវបណ្ឌិត ជូនពរឱ្យគម្រោងវះកាត់បេះដូងនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យជាលំដាប់។

កម្មវិធីវះកាត់បេះដូងកុមារនេះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូរវាង មន្ទីរពេទ្យកុមារជាតិ និងសមាគម សុខាភិបាលខ្មែរនៅអាមេរិក (Cambodian Health Professionals Association of America – CHPAA) ដោយមានការចូលរួមសហការពីក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងកុមារមកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យកម្ពុជា ។ កម្មវិធីមានគោលបំណងផ្តល់សេវាវះកាត់បេះដូង ពីកំណើតដល់កុមារកម្ពុជា ជាពិសេស កុមារក្រីក្រ និងគ្រួសារខ្វះខាត ដែលមិនអាចទទួលបានសេវាឯកទេសនេះដោយខ្លួនឯង ។

កម្មវិធីនេះ គឺជាគម្រោងរយៈពេល ៣ឆ្នាំ ដែលផ្តោតលើការផ្តល់សេវាវះកាត់បេះដូង ការត្រួតពិនិត្យ និងតាមដានអ្នកជំងឺ ការបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលកម្ពុជា ការផ្ទេរបច្ចេកទេសវេជ្ជសាស្ត្រ ទំនើប និងការកសាងសមត្ថភាព ធនធានមនុស្សក្នុងស្រុក ដើម្បីធានានិរន្តរភាព នៃកម្មវិធីវះកាត់បេះដូងកុមារ នៅកម្ពុជា។

សូមជម្រាបថា ចាប់ពីថ្ងៃពិធីបើកដំណើរគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ អាណាព្យាបាល អាចនាំកូនមានជំងឺបេះដូង អាចមកទទួលការពិនិត្យ ពិគ្រោះ ព្យាបាលពីសុខភាពបេះដូងរបស់កូនៗ ដើម្បីឱ្យក្រុមវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកុមារជាតិ ធ្វើរោគវិនិច្ឆ័យឱ្យបានជាក់លាក់ នឹងត្រៀមសម្រាប់ការព្យាបាល និងវះកាត់បេះដូងជាបន្តបន្ទាប់៕










