ព័ត៌មានជាតិ

WHO គាំទ្រ ភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ និងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់កូវីដ១៩

ភ្នំពេញ ៖ លោក តេត្រូ អ៊ែតហានូម ហ្គេប្រេយ៉េសស៊ុស (Tedros Adhanom) អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) បានប្រកាសគាំទ្រ ចំពោះ ភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ ព្រមទាំងកោតសរសើរ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវសមានចិត្ត ក្នុងការគាំទ្រ និងការប្តេជ្ញាចិត្ត តាមការអំពាវនាវរបស់ អង្គការសុខភាពពិភពលោក ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការកាត់បន្ថយទំហំ នៃផលប៉ះពាល់ និងការបញ្ឈប់ការ រាតត្បាតនៃជំងឺកូវីដ១៩ ។

តាមរយៈលិខិតមួយច្បាប់ ដែលបានផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ឧសភានេះ លោកអគ្គនាយក WHO បានសរសេរថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិផែនការ យុទ្ធសាស្ត្រ ប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសកលរបស់អង្គការ សុខភាពពិភពលោក ។ ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។

ជាពិសេសសូមកោតសរសើរចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញ ការគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ» ។

លោកបន្តថា អង្គការសុខភាពពិភពលោក នៅក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូធំៗនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការ គំរាមកំហែងដោយសារជំងឺកូវីដ១៩ រួមមួយនេះ ដែលយើងត្រូវរួមដៃគ្នា ក្នុងការប្រឆាំងនឹងការ រីកសាយភាយនាពេលអនាគត។ ការចូលរួម និងសាមគ្គីភាពទាំងអស់គ្នា យើងនឹងទទួលបានជោគជ័យ ៕ដោយ៖ ខា ដា

To Top