ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យលទ្ធភាព ដើម្បីសាងសង់ច្រាំងទន្លេឡើងវិញ និងរៀបចំជាសួនទេសចរណ៍ លម្អបៃតង មានឈ្មោះ «សួនតេជោ ធិបតី»

កំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យសិក្សាស្ដារឡើងវិញ នូវច្រាំងទន្លេដែលបានបាក់ស្រុត នាចុងខែមករាកន្លងទៅ នៅចំណុចភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

ក្នុងការចុះពិនិត្យសិក្សាដើម្បីសាងសង់ច្រាំងទន្លេឡើងវិញនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីបានពិនិត្យរួច ជាលទ្ធភាពបឋម គឺត្រូវរៀបចំបាវខ្សាច់ស៊ីវថាយ ដើម្បីទប់ជើងទេ កន្លែងដែលបាក់ស្រុតច្រាំង ។ បន្ទាប់មកក្រុមការងារនិងសិក្សាទៅលើ ការរៀបចំគំនូសប្លង់ ដើម្បីសាងសង់ជាបេតុងរៀបចំជាសួនច្បារតែម្ដង ដែលត្រូវការចាក់បំពេញដីបន្ថែម កន្លែងដែលធ្វើច្រាំងថ្មី មានទំហំប្រមាណជា ៣ ហិចតា និងប្រែក្លាយសួននេះដែលមានឈ្មោះជា «សួនតេជោធិបតី» ជាសួនទេសចរណ៍លម្អបៃតង ជាប់មាត់ទន្លេមេគង្គ។

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា ឆ្លងតាមការសិក្សាបឋម ការរៀបចំធ្វើច្រាំងថ្មីនេះ គឺត្រូវចាក់ដីបំពេញដល់ចំណុចអន្លង់បាក់ស្រុត ដែលមានចម្ងាយ ប្រមាណជា ១០០ម៉ែត្រ ដោយភ្ជាប់ពីចំណុចក្រោយស្នាក់ការទឹកស្អាត ត្រង់ឆ្ពោះទៅកំពង់រង់ចាំតែម្តង ដោយធ្វើច្រាំងឲ្យត្រង់ដូច្នេះ គឺធ្វើឲ្យស្របជាមួយខ្សែទឹកហូរ ដែលខុសពីមុនចំណុចនេះគឺមានកែងដែលធ្វើឲ្យទឹកហូរគួច បណ្ដាលឲ្យច្រាំងងាយក្នុងការបាក់ស្រុត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចការខាងលើនេះ បន្ទាប់ពីក្រុមការងារបានរៀបចំគំនូសប្លង់ និងទទួលបានការឯកភាព អនុម័តពីរដ្ឋាភិបាលហើយ អាជ្ញាធរខេត្តនិងស្នើសុំគោលការណ៍សុំថវិកា និងខិតខំគៀងគរដៃគូរអភិវឌ្ឍន៍នានា ដើម្បីពិនិត្យមើលពីលទ្ធភាព នៃការប្រើប្រាស់ថវិកាយកមកធ្វើការជួសជុល និងស្ថាបនាសួនច្បារនេះតែម្តង ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top