ព័ត៌មានជាតិ

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ពង្រឹង​ភារកិច្ច​កងកម្លំាង​ចម្រុះ​ត្រូវ​ចាត់​វិធានការ​យ៉ាង​មុឺងម៉ាត់តាមផ្លូវច្បាប់​ ក្នុង​ការ​ការពារ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ បឹង​ពែរ​ ខេត្តកំពង់ធំ​

កំពង់ធំ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគណៈកម្មការ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់ធំ បាន​ជួប​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ ប្រគល់​ភារកិច្ច​ចាំ​បាច់​មួយ​ចំនួន​ ក្នុង​ការ​ចាត់វិធានការ​យ៉ាង​មុឺងម៉ាត់តាមផ្លូវច្បាប់ ​ក្នង​ការ​បង្ក្រាប​បទ​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​ និងប្រគល់​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ ប្រេងឥន្ធនៈ​ ជូន​កងកម្លាំង​ចម្រុះ​ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​តំបន់​ភ្នំ​ប្រង់​ និង​ជាំ​ក្របី​ ស្ថិត​នៅ​ក្នុង​ឃុំ​សាគ្រាម​ ស្រុក​ប្រសាទ​បល្ល័ង្ក​ ខេត្ត​ខេត្តកំពង់ធំ​។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំង​ចម្រុះ​ទាំង​អស់​ និង​អាជ្ញា​ដែនដី​នៅ​គ្រប់​លំដាប់​ថ្នាក់​ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ក្នុង​ការ​ការពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នាពេលជិតពីរឆ្នាំកន្លងទៅ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ ជា​មួយ​នេះ​ដែរ​បា​នគ្រប់​គ្រង​ដី​ដែល​បាន​ដក​ហូត​ពី​ជន​ល្មើស​ដែល​បាន​លួច​កាប់​ទន្ទ្រាន​កន្លង​ទៅ​រក្សា​ទុក​ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ ​ធ្វើ​ឲ្យ​ព្រៃឈើ​ធម្មជាតិ​ដុះ​លូតលាស់​ឡើង​វិញ​ផង​ដែរ​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ប្រគល់​ភារកិច្ច​ជូន​កងកម្លាំង​ចម្រុះ​ទាំងអស់​ ត្រូវ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ដែនដី​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យ​បាន​ដាច់​ខាត​មិន​ឲ្យ​មានការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​ជា​ថ្មី​ទៀត​បាន​ឡើយ​ ហើយ​ត្រូវ​ចាត់​វិធានការ​យ៉ាង​មុឺងម៉ាត់តាមផ្លូវច្បាប់​ ចំពោះ​ជន​ណា​ នៅ​តែ​បំពាន​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​ ដេីម្បី​ចាប់​ឃាត់​ខ្លួន​ជូន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​៕

ដោយ៖ សំនៀង

To Top