បណ្ឌិត លី ណារុន តំណាងដ៍ខ្ពង់ខ្ពស់ លោក ឆាយ រិទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥» នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់។

គោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥» គឺជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យទៅជាតំបន់ដែលមានសេដ្ឋកិច្ចរឹងមាំ បរិយាកាសរស់នៅល្អ និងមានភាពធន់។

ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥» មិនមែនគ្រាន់តែជាការជម្រាបដំណឹងនោះទេ ប៉ុន្តែវាគឺជាយុទ្ធនាការយុទ្ធសាស្ត្រមួយ ដែលមានគោលបំណង បង្កើតការយល់ដឹងជាសាធារណៈ កៀងគរការចូលរួម បង្ហាញពីតម្លាភាព និងការទទួលខុសត្រូវ ផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ទៅនឹងការអនុវត្តថ្នាក់ក្រោមជាតិ និងសម្រេចឱ្យបាននូវទស្សនវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០៕







