ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ យើងទាំងអស់គ្នា ត្រូវរឹងមាំ ព្រោះជាអ្នកការពារ និងបម្រើសុខភាព ជូនពលរដ្ឋ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នាថ្ងៃ៩ កុម្ភៈ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យទាំងអស់គ្នា ត្រូវតែរឹងមាំ ព្រោះជាអ្នកការពារ និងបម្រើសុខភាពជូនប្រជាពលរដ្ឋ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ដោយទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសការឆ្លើយតបនឹងការការពារ ការថែទាំសុខភាព និងការជួយសង្រ្គោះវីរកងទ័ព និងប្រជាពលរដ្ឋក្នុងពេលសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ។

សាស្រ្តាចារ្យបន្ថែមថា ក្រសួងសុខាភិបាល បានធ្វើការកែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឱ្យវិស័យសុខាភិបាល នៅកម្ពុជាកាន់តែរឹងមាំ និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺ «មិនទុកនរណាម្នាក់មិនទទួលបានសេវាសុខាភិបាលនោះទេ»។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែលឿន និងប្រសើរថែមទៀត ត្រូវបន្តពង្រឹងការងារឱ្យរឹងមាំ និងមានភាពធន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពក្នុងគ្រប់ស្ថានភាពដែលប្រឈម។ ក្នុងនោះ ត្រូវសហការក្នុងការបំពេញការងារ តាមរយៈក្រុមកាងារដែលជួយគាំទ្រថ្នាក់ដឹកនាំ ទាំងផ្នែករដ្ឋបាល និងកិច្ចការទំនាក់ទំនងអន្តរជាតិ។
ជាមួយគ្នានេះ ត្រូវផ្តល់ការយកចិត្តទុកដាក់លើជំងឺឆ្លង ដូចជាបង្កើនការផ្សព្វផ្សាយ ការទប់ស្កាត់ និងស្រាវជ្រាវ ព្យាបាលបានទាន់ពេលវេលា និងបន្តពង្រឹងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០៣០៕

To Top