រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងរៀបចំកិច្ចប្រជុំ ដើម្បីកំណត់មូលហេតុ នៃភាពចលាចល
តេអេរ៉ង់៖ មន្ត្រីម្នាក់បានឧ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់ បានចាប់ផ្តើមរៀបចំកិច្ចប្រជុំ ដើម្បីកំណត់មូលហេតុឫសគល់ នៃភាពចលាចលថ្មីៗនេះ នៅក្នុងប្រទេស និងការពារការកើតឡើងវិញរបស់វា ។
នៅក្នុងការបង្ហោះមួយកាលពីថ្ងៃអាទិត្យ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Abbas Pazoki អនុប្រធានផ្នែកទំនាក់ទំនង នៅក្នុងការិយាល័យរបស់អនុប្រធានាធិបតីទីមួយ របស់អ៊ីរ៉ង់ បានឧ្យដឹងថា កិច្ចប្រជុំទាំងនេះកំពុងត្រូវបានធ្វើឡើងតាមបញ្ជារបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ។
កិច្ចប្រជុំលើកដំបូង របស់ទីស្នាក់ការកណ្តាលពាក់ព័ន្ធ ដែលទទួលខុសត្រូវក្នុងការពិនិត្យ និងវិភាគឧប្បត្តិហេតុត្រូវបានកោះប្រជុំនៅព្រឹកថ្ងៃអាទិត្យ ដោយមានការចូលរួមពីអនុប្រធានាធិបតីទីមួយ Mohammad-Reza Aref សមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន និងមន្ត្រីផ្សេងទៀត លោក Pazoki បានឧ្យដឹងថា “កិច្ចប្រជុំទាំងនេះ ផ្តោតលើការកំណត់អត្តសញ្ញាណច្បាស់លាស់ នៃមូលហេតុឫសគល់ នៃភាពចលាចល ការតភ្ជាប់ចន្លោះប្រហោង និងការការពារការកើតឡើងវិញ នៃឧប្បត្តិហេតុទាំងនោះ” ។
លោកបានបន្ដថា អនុប្រធានាធិបតីទីមួយ នឹងធ្វើកិច្ចប្រជុំជាមួយសាស្ត្រាចារ្យ សាកលវិទ្យាល័យ ឥស្សរជន និងតំណាង នៃស្រទាប់សង្គមផ្សេងៗគ្នា របស់ប្រទេស ដើម្បីស្តាប់ការរិះគន់ មតិ និងដំណោះស្រាយដោយផ្ទាល់ ដោយបន្ថែមថាដំណើរការនេះនឹងបន្ត៕
ប្រែសម្រួល ឈូក បូរ៉ា
