ព័ត៌មានអន្តរជាតិ

​ មេដឹកនាំកំពូលអ៊ីរ៉ង់ ជំរុញ​ឲ្យ​មាន​ឯកភាព​ជាតិ ​ខណៈ​មាន​ភាព​តានតឹង​កើនឡើង ​ជាមួយ​សហរដ្ឋអាមេរិក

តេអេរ៉ង់៖​ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី បានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ បង្ហាញសាមគ្គីភាព និងធ្វើឲ្យសត្រូវខកចិត្ត មុនខួបលើកទី ៤៧ នៃបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ចំពេលមានភាពតានតឹងកើនឡើង ជាមួយសហរដ្ឋអាមេរិក។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ខាមេនី បានបន្ដថា អំណាចជាតិពឹងផ្អែកច្រើនលើការតាំងចិត្ត និងការតស៊ូ​ ជាជាងគ្រឿងបរិក្ខារយោធាដូចជាមីស៊ីល និងយន្តហោះជាដេីម។ 

ការកត់សម្គាល់របស់លោកបានកើតឡើងនៅពេលដែលអ៊ីរ៉ង់​ រៀបចំសម្រាប់ការជួបជុំទូទាំងប្រទេសនៅថ្ងៃពុធ ដើម្បីអបអរសាទរជ័យជម្នះនៃបដិវត្តន៍។
លោក ខាមេនី បានលេីកឡេីងថា «រហូតដល់សត្រូវខកចិត្ត ប្រទេសជាតិមួយត្រូវប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ​ សត្រូវត្រូវតែខកចិត្ត»។

លោកបានពិពណ៌នាអំពីការដង្ហែក្បួនប្រចាំឆ្នាំថាជាការបង្ហាញសេចក្តីថ្លៃថ្នូរ ដែលបង្ខំឱ្យមហាអំណាចបរទេស «ដកថយ» ពីមហិច្ឆតានៃការជ្រៀតជ្រែកក្នុងកិច្ចការអ៊ីរ៉ង់។

សុន្ទរកថានេះធ្វើឡើងបន្ទាប់ពីរយៈពេល នៃការកកិតកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក ដែលជំរុញដោយការកសាងយោធា របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា និងការគំរាមកំហែងជាបន្តបន្ទាប់ប្រឆាំង នឹងទីក្រុងតេអេរ៉ង់។

ទោះបីជាមានការចរចានុយក្លេអ៊ែរដោយប្រយោលរវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍មុនក៏ដោយ ក៏នៅតែមានគម្លាតសំខាន់ៗ ដែលធ្វើឱ្យការរំពឹងទុកនៃកិច្ចព្រមព្រៀងមួយមានភាពមិនប្រាកដប្រជា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top