អាជ្ញាធរមីន ចាត់ទុកអង្គការសហប្រជាជាតិ ជាដៃគូដ៏មានសារៈសំខាន់ ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងវិស័យមីន
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានចាត់ទុកអង្គការសហប្រជាជាតិ គឺជាសម្លេង និងជាដៃគូដ៏មានសារៈសំខាន់មួយ ក្នុងការជំរុញ និងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន។

ការចាត់ទុករបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអនុញ្ញាតឱ្យ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការស្តារសេដ្ឋកិច្ចសង្គមនៅកម្ពុជា ក្នុងនោះអង្គការ សហប្រជាជាតិ បានគាំទ្រដល់ការតាំងទីលំនៅឡើងវិញ របស់ជនភៀសសឹក និងការងារបោសសម្អាតមីន ក៏ដូចជាបានជួយកសាង នូវសមត្ថភាពជាតិសកម្មភាពមីន រហូតកម្ពុជាទទួលបានជោគជ័យដល់បច្ចុប្បន្ន ។

ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន លោកទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការសហប្រជាជាតិ គឺជាសម្លេងដ៏មានសារៈសំខាន់មួយ និងជាដៃគូសំខាន់ ក្នុងការជំរុញ ការលើកកម្ពស់ និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ចំពោះការរួមចំណែកគាំទ្រ ដល់វិស័យសកម្មភាពមីន នេះផងដែរ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងពហុភាគី ដោយផ្អែកលើគោលការណ៍គោរពអធិបតេយ្យភាព បូរណភាពដែនដី និងច្បាប់អន្តរជាតិ។

លោកមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងបានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ក្នុងការលើកកម្ពស់សាមគ្គីភាព ការរួបរួម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដើម្បីឈានទៅរកការរីកចម្រើនប្រកបដោយចីរភាព ជោគវាសនារួមគ្នា និងអនាគតរួមគ្នា៕
