ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យ បន្តផ្តល់អាហារូបករណ៍ ដល់សិស្សពូកែ និងសិស្សជួបការលំបាក

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំគ្រប់ភាគីបន្តផ្តល់អាហារូបករណ៍ ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និង សិស្សក្នុងគ្រួសារក្រីក្រ ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅថ្ងៃទី១០ កុម្ភៈ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និង កីឡា ត្រូវផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងឈានចូល និងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

សម្ដេចធិបតី បន្ដថា ត្រូវរៀបចំចងក្រង នូវបទពិសោធរបស់ក្មួយៗដែលជាសិស្សពូកែ អំពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗ សិស្សានុសិស្សដទៃទៀត, ព្រមទាំង ផ្តួចផ្តើមនូវអន្តរាគមន៍នានា ដើម្បីបំពាក់បំប៉នបន្ថែម ដល់សិស្សពូកែឱ្យកាន់តែមានលទ្ធភាព ប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងការប្រកួតប្រជែងកម្រិតតំបន់ និងអន្តរជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និង សិស្សក្នុងគ្រួសារក្រីក្រ និងធានាប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីសិក្សាផ្នែកគណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងភាសាបរទេស ដើម្បីឱ្យស្របទៅនឹងចរន្ត នៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី ៤.០»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដទៀតថា ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ជាមួយនេះ, ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឱ្យកុមារបានសិក្សាយ៉ាងតិច ៩ឆ្នាំ នៅសាលារៀន ដែលមានបរិស្ថានស្អាត និងអនាម័យល្អ៕

To Top