ព័ត៌មានជាតិ

កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព ចង់រស់នៅប្រកបដោយ សន្តិសហវិជ្ជមាន ជាមួយបណ្តាប្រទេស ទាំងអស់ក្នុងពិភពលោក

ត្បូងឃ្មុំ ៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ) បានថ្លែងថា កម្ពុជា ជាប្រទេសដែលស្រឡាញ់សន្តិភាព ចង់រស់នៅប្រកប ដោយសន្តិសហវិជ្ជមាន ជាមួយបណ្តាប្រទេស ទាំងអស់ក្នុងពិភពលោក។

ការលើកឡើងរបស់ លោក អ៊ុច បូររិទ្ធ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន ៧៥៤នាក់ ក្នុងស្រុក និងក្រុងទាំង៧ នៅខេត្តត្បូងឃ្មុំ រួមមាន ស្រុកមេមត់ ស្រុកពញាក្រែក ស្រុកអូរាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងក្រុងសួង នាថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងគ្រប់ពិធីសំណេះសំណាល លោក ប្រធានក្រុមភូមិភាគទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងជម្រាប ជូនអំពីកិច្ច ដំណើរការការងារព្រិទ្ឋសភា ការទទួលយកនិងលទ្ឋផល ដំណោះស្រាយសំណូមពរ របស់អង្គបោះឆ្នោត និងជម្រាបជូនអំពីសភាពការណ៍នៅ តាមបណ្តោយព្រំប្រទល់ កម្ពុជា-ថៃ ដែលបាននិងកុំពុងកើតមាន រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោក បានរំឮកពីប្រវត្តិសាស្ត្រ នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ និងមូលហេតុដែលបង្កឱ្យមាន ឧប្បត្តិហេតុនៅ តាមព្រំប្រទល់ ដោយសង្កត់ធ្ងន់លើការមិនគោរព តាមស្មារតីឯកសារគតិយុទ្ឋ ដែលប្រទេសទាំងពីរបានឯកភាពគ្នា ជាពិសេសសន្ឋិសញ្ញាឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧ ដែលមានភ្ជាប់ផែនទីឧបសម្ព័ន្ឋ ធម្មនុញ្ញអង្គការសហប្រាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ដោយភាគីថៃ និងសកម្មភាពឈ្លានពាន យ៉ាងគឃ្លើនព្រៃផ្សៃលើបូរណភាពទឹកដីកម្ពុជា បើទោះជាមានការព្រមព្រៀងគ្នា លើកិច្ចឈប់បាញ់ និងលើគោលការណ៍មួយចំនួន ដើម្បីបន្ធូរបន្ថយភាពតានតឹង សំដៅរិះរកដំណោះស្រាយ វិបត្តិដោយសន្តិវិធីយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ លោក ក៏បានរំលិចអំពីល្បិចកល ដ៏ខ្មៅងងឹតរបស់ប្រទេសនេះ នៅក្នុងការបង្កអស្ថិរភាព នៅតាមបណ្តោយព្រំប្រទល់ រវាងប្រទេសទាំងពីរ និង សុច្ឆន្ទៈរបស់កម្ពុជាក្នុងការរិះរក ដំណោះស្រាយ តាមរយៈការចរចារដោយសន្តិវិធី ជៀសវាងការប្រើកម្លាំង ដើម្បីសុខុមាលភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងពីរ កម្ពុជា-ថៃ។

លោក ប្រធានក្រុមភូមិភាគទី២ បានសម្តែង នូវមោទនភាពជាតិខ្ពស់ចំពោះការរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុង មួយរបស់បងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តត្បូងឃ្មុំ ដែលបានផ្តល់នូវការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ដល់វីរយុទ្ធជននៅសមរភូមិ និងបងប្អូនប្រជាជនភៀសសឹក ព្រមទាំងបានអំពាវនាវ ដល់បងប្អូនបន្តរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយ និងមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

លោក ប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវោហារសាស្រ្តអុជអាលបំបែកបំបាក់សង្គមជាតិរបស់ជនអគតិមួយចំនួន ជាពិសេសសកម្មភាពរបស់ជនក្បត់តជំនាន់ ព្រមទាំងពង្រឹងមហាសាមគ្គីជាតិកាន់តែរឹងមាំថែមទៀត នៅក្នុងកាលៈទេសៈដែលប្រទសជាតិមាតុភូមិកំពុងប្រឈមនឹងហានិភ័យនៃអំពើឈ្លានពានរបស់ប្រទេសថៃ។

លោក បានគូសបញ្ជាក់ថា «កម្ពុជា ជាប្រទេស ដែលស្រឡាញ់សន្តិភាព ចង់រស់នៅប្រកបដោយ សន្តិសហវិជ្ជមាន ជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។ ក៏ប៉ុន្តែ សូមកុំយល់ច្រឡំថា ការស្រឡាញ់សន្តិភាពរបស់កម្ពុជា មិនមានន័យថាជាការបោះបង់សិទ្ធិអធិបតេយ្យ ក្នុងការការពារបូរណភាព ដែនដីរបស់ខ្លួននោះទេ»៕

To Top