ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បញ្ជាក់ពីការត្រៀមខ្លួនរួច​ ដើម្បីស្វែងរកដំណោះស្រាយចរចា​ ចំពោះវិបត្តិអ៊ុយក្រែន

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា រុស្ស៊ីត្រៀម ខ្លួនរួចជាស្រេច​ ដើម្បីស្វែងរកដំណោះ ស្រាយ ចរចា​ ចំពោះវិបត្តិអ៊ុយក្រែន ដោយផ្អែកលើការយោគយល់គ្នា​ ដែលសម្រេចបាន ដោយមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក។

លោកបានលេីកឡេីងថា រុស្ស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង​ ចំពោះលទ្ធផលនៃកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ដែលបានធ្វើឡើងនៅទីក្រុង Anchorage រដ្ឋអាឡាស្កាសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំមុន ហើយបានកត់សម្គាល់ថា ទីក្រុងមូស្គូរំពឹងថា​ ផលប្រយោជន៍របស់ខ្លួន នឹងត្រូវបានគិតគូរយ៉ាងពេញលេញ នៅក្នុងដំណើរការនៃការឈានដល់កិច្ចព្រមព្រៀង​ ដែលអាចទទួលយកបានទៅវិញ ទៅមកជាមួយដៃគូ​ ដែលបើកចំហសម្រាប់ការសន្ទនាដោយស្មោះត្រង់ និងដោយផ្ទាល់។

លោកបន្ដថា រុស្ស៊ីនឹងបន្តគាំទ្រសច្ចភាព និងយុត្តិធម៌ ក្នុងកិច្ចការអន្តរជាតិ និងលើកកម្ពស់ពិភពលោកពហុប៉ូល ដែលមានមូលដ្ឋានលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ដោយបន្ថែមថា មូស្គូនឹងប្រឆាំងនឹង ស្តង់ដារពីរ របៀបវារៈលាក់កំបាំង រូបមន្តដោះស្រាយដែលដាក់ចេញ ក៏ដូចជាការអនុវត្ត នៃអាណានិគមនិយមថ្មី និងអនុត្តរភាព។

រដ្ឋមន្ត្រីការបរទេសរូបនេះ​ ក៏បានបញ្ជាក់ផងដែរថា រុស្ស៊ីនឹងផ្តល់អាទិភាព ដល់ការពង្រឹង​ភាពជា ដៃគូយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌល​ ដែលកំពុងរីកចម្រើន នៃពិភពលោកពហុប៉ូល ដោយបន្ថែមថា រុស្ស៊ី និងដៃគូដែលមានគំនិតដូចគ្នា នឹងធ្វើការដើម្បីពន្លឿន ការអភិវឌ្ឍយន្តការដែលធន់ នឹងទណ្ឌកម្មសម្រាប់ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការភស្តុភារ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top