ថវិកាឆ្នាំ២០២៥ របស់ក្រសួងអប់រំ កើនឡើងជាង ៤ពាន់លានរៀល
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា សម្រាប់ថវិកាឆ្នាំ២០២៥ របស់ក្រសួងអប់រំ បានកើនឡើងរហូតដល់ ៤.៥១២ ពាន់លានរៀល ។
ក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ នៅថ្ងៃទី១១ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានលើកឡើងពីស្ថានភាពថវិការបស់ក្រសួងថា ថវិកាឆ្នាំ២០២៥ របស់ក្រសួងអប់រំ បានកើនឡើងដល់ ៤.៥១២ ពាន់ លានរៀល ។ ក្នុងនោះ ថវិការដ្ឋស្នើនឹង៩១ភាគរយនៃថវិកាសរុប និងថវិកាដៃគូអភិវឌ្ឍមាន៤២៣ពាន់លានរៀល ស្មើនឹង៩ភាគរយ នៃថវិកាសរុប។
លោកបន្តថា “ថវិកាអប់រំឆ្នាំ២០២៥ ស្មើនឹង ២,០ភាគរយ ធៀបនឹង ផ.ស.ស។ ចំណាយចរន្តត្រូវបានបែងចែកជា៣ផ្នែកធំៗ គឺរដ្ឋបាលកណ្តាល១៥ភាគរយ , មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត៣៩ភាគរយ និងការផ្ទេរមុខងារ៤៦ភាគរយ” ។
បើតាមរដ្ឋមន្រ្តី ក្រសួងបានរៀបចំគោលការណ៍ ណែនាំស្តីពី ការគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ សម្រាប់ការគ្រប់គ្រងថវិកា រដ្ឋ ដៃគូ សហគមន៍ សប្បុរសជន និងប្រភពផ្សេងៗទៀតដែលផ្តល់ជូនសាលារៀនសាធារណៈ ដើម្បីបម្រើសេវាអប់រំឱ្យកាន់ តែមានគុណភាព និងឆ្លើយតបទាំងតម្រូវការសិក្សារបស់សិស្ស ការចង់បានរបស់មាតាបិតា សិស្ស សហគមន៍ និងទីផ្សារការងារក្នុងគោលដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា។
លោក ហង់ជួន ណារ៉ុនអះអាងថា ជារៀងរាល់ឆ្នាំ ក្រសួងបានអនុវត្តចំណាយក្នុងរង្វង់៩៦ភាគរយ ធៀបនឹងឥណទានដើមឆ្នាំ និងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់វិស័យអប់រំប្រចាំឆ្នាំក្នុងរង្វង់១០៥លានដុល្លារ ៕
