កិច្ចចរចា ជុំបន្ទាប់រវាងអាមេរិក និងអ៊ីរ៉ង់ នឹងបន្ដធ្វេីឡេីង នៅក្នុងប្រទេសអូម៉ង់
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធរបាយការណ៍ដែលថា កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងត្រូវធ្វើឡើងនៅខាងក្រៅប្រទេសអូម៉ង់ ដោយថា ទីក្រុងមូស្កាត តែងតែជាទីកន្លែងដែលបានព្រមព្រៀងគ្នា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទ សារព័ត៌មានមួយថា អ៊ីរ៉ង់ស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូត របស់ប្រទេសក្នុងតំបន់ និងប្រទេសជិតខាង ដែលបានផ្តល់ជូន ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង និងគាំទ្រដល់ការសន្ទនា។
លោកបានលេីកឡេីងថា រដ្ឋមន្ត្រីការបរទេស លោក Seyed Abbas Araghchi បានទាក់ទងជាមួយសមភាគីនៅក្នុងប្រទេសក្នុងតំបន់ ក៏ដូចជាអ្នកផ្សេងទៀត ដែលមានការព្រួយបារម្ភអំពីសន្តិភាព និងសន្តិសុខក្នុងតំបន់។
លោក Baqaei បានលេីកឡេីងថា ទំនាក់ទំនងទាំងនោះបានធ្វើឡើង “នៅកម្រិតខ្ពស់បំផុត” រួមទាំងជាមួយប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ហើយមានគោលបំណងកាត់បន្ថយភាពតានតឹង និងសម្រួលដល់ដំណើរការការទូត។
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា មិនដែលមានផែនការណាមួយ ដើម្បីធ្វើកិច្ចចរចានៅកន្លែងផ្សេងក្រៅពីប្រទេសអូម៉ង់ នោះទេ។
ដោយឡែកពីគ្នា លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានទៅដល់ទីក្រុង Muscat កាលពីថ្ងៃអង្គារ ជាកន្លែងដែលលោក បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់ប្រទេសអូម៉ង់។ អ្នកទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ និងបានគូសបញ្ជាក់ ពីសារៈសំខាន់នៃការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕
