ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ បញ្ជាក់ថា​ ខ្លួននឹងមិនចាប់ផ្តើមបង្កេីន ភាពតានតឹង​ បន្ទាប់ពីសន្ធិសញ្ញា នុយក្លេអ៊ែរផុតកំណត់នោះទេ

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា​ រុស្ស៊ី​ នឹងមិនមែនជាប្រទេសដំបូងគេ ដែលចាត់វិធានការឆ្ពោះ ទៅរកការកើនឡើងនៃភាពតានតឹង​ បន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា កាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) នោះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយ NTV របស់រុស្ស៊ី លោក Lavrov បានលេីកឡេីងថា មូស្គូនឹងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់សហរដ្ឋអាមេរិក​ បន្ទាប់ពីការផុតកំណត់ ហើយខ្លួននឹងដោះស្រាយស្ថានការណ៍ “ដោយការទទួលខុសត្រូវពេញលេញ”។

លោកបានបន្ដថា រុស្ស៊ីមិនរំពឹងថា​ នឹងមានការឆ្លើយតបបន្ថែមទៀតពីសហរដ្ឋអាមេរិកចំពោះសំណើរបស់ខ្លួន​ ដើម្បីរក្សាការរឹតបន្តឹងនៃសន្ធិសញ្ញានោះទេ ដោយបន្ថែមថា សន្ធិសញ្ញានេះមិនបានដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។

លោកក៏បានកត់សម្គាល់ផងដែរថា វានឹងពិបាកក្នុងការស្រមៃមើល ការរៀបចំរយៈពេលវែង លើស្ថិរភាពយុទ្ធសាស្ត្រដោយមិនគិតពី សមត្ថភាពនុយក្លេអ៊ែររបស់ចក្រភព អង់គ្លេស និងបារាំង។

សន្ធិសញ្ញា New START ដែលចុះហត្ថលេខា ដោយរុស្ស៊ី និង សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០ មានគោលបំណងកំណត់ចំនួនក្បាល គ្រាប់នុយក្លេអ៊ែរដែលដាក់ពង្រាយ និងយានជំនិះដឹកជញ្ជូន ។ សន្ធិសញ្ញានេះបានផុតកំណត់នៅថ្ងៃទី៥​ ខែកុម្ភៈ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានស្បថថា សហរដ្ឋអាមេរិកនឹងរក្សា ប្រព័ន្ធទប់ស្កាត់នុយក្លេអ៊ែរដ៏គួរឱ្យទុកចិត្ត និងទំនើបកម្មបន្ទាប់ពីការផុតកំណត់ ៕

To Top