ក្រសួង បានធ្វើកំណែទម្រង់ វិស័យអប់រំ ៤ដំណាក់កាលហើយ
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានថ្លែងថា ចាប់តាំងពីក្រសួង បានដាក់ចេញ នូវកម្មវិធីកំណែទម្រង់លើវិស័យអប់រំ ពីឆ្នាំ២០១៣រហូតមកដល់បច្ចុប្បន្ន មានចំនួន៤ ដំណាក់កាលហើយ ដើម្បីបង្កើនពង្រឹងវិស័យអប់រំនៅកម្ពុជា ។

ក្នុងសន្និបាតបូក សរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នាថ្ងៃទី១១ ខែកុម្ភៈ លោក ហង់ជួន ណារ៉ុន បានលើកឡើងថា កំណែទម្រង់វិស័យអប់រំលើកទី១ ឆ្នាំ២០១៣ , កំណែទម្រង់លើកទី២ ចាប់ពីឆ្នាំ២០១៥ដល់២០១៧ , កំណែទម្រង់លើកទី៣ ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២២ និងលើកទី៤ នៅឆ្នាំ២០២២ ។
លោករដ្ឋមន្រ្តីបានរៀបរាប់ពីការកំណែទម្រង់នៅតាមដំណាក់កាលនីមួយៗថា កំណែទម្រង់ដំណាក់កាលទី១ សម្រេចបានលទ្ធផលលើការគ្រប់គ្រងបុគ្គលិក ដូចជាដំឡើងបៀវត្សដល់បុគ្គលិកអប់រំ , កំណែទម្រង់ការប្រឡង , កំណែទម្រង់ឧត្តមសិក្សា , កំណែទម្រង់ការអប់រំកាយ , ការកែលម្អប្រសិទ្ធភាព នៃការផ្តល់សេវាអប់រំ ។ ដំណាក់កាលទី២វិញ សម្រេចបានលទ្ធផលលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ , ការពង្រាយគ្រូបង្រៀន , កំណែទម្រង់មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀន និងការកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
សម្រាប់ដំណាក់ទី៣ សម្រេចលទ្ធផលការបង្កើនចំនួនសាលារៀនជំនាន់ថ្មី , ការសាកល្បងរៀបចំសាលារៀនគំរូ ឬសាលារៀនមានប្រសិទ្ធភាព , កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាល គ្រូ និងដំណាក់កាលទី៤ ផ្តោតលើការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ដោយដាក់អនុវត្តអភិក្រម ស្តីពី ការគ្រប់គ្រងផ្តោតលើលទ្ធផលឆ្ពោះទៅរកការដោះស្រាយបញ្ហា ជាលក្ខណៈប្រព័ន្ធនិងតាមបែបអនុវិស័យ ។
លោកបញ្ជាក់ថា “ការពង្រឹងការអនុវត្តកំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស ដោយត្រូវផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង និងជាអ្នកស្រាវជ្រាវនិងវាយតម្លៃ ការកែលម្អប្រព័ន្ធលើកទឹកចិត្ត និងការផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍគន្លងអាជីព ក៏ដូចជាការទទួលស្គាល់អ្នកជំនាញអប់រំ តាមរយៈការលើកកម្ពស់ប្រណាំងប្រជែង” ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអះអាងថា ចាប់តាំងពីឆ្នាំ២០២៣ ក្រសួងបានដាក់ឲ្យអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើកំណែទម្រង់សាលារៀនគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ដោយផ្តោតលើស្តងដាចំនួន៥ គឺលទ្ធផលសិក្សារបស់សិស្ស , ការរៀន និងបង្រៀន , ការចូលរួមរបស់សហគមន៍ , ដំណើរប្រតិបត្តិការ និងរដ្ឋបាលរបស់សាលារៀន និងគណនេយ្យភាពរបស់សាលារៀន៕
