ព័ត៌មានជាតិ

មន្រ្តីឧទ្យានុរក្ស ចុះពិនិត្យ និងបង្រ្កាបការសាងសង់ហេដ្ឋាន រចនាសម្ព័ន្ធខុសច្បាប់ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គិរីរម្យ)

កំពង់ស្ពឺ ៖ ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែង និងបានបង្រ្កាបករណី ការលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ករណីល្មើសនេះ ក្រុមការងារ មិនបានប្រទះឃើញ ជនល្មើស និងក្រុមការងារសាងសង់នៅកន្លែងកើតហេតុនោះទេ។ ករណីនេះមន្រ្តីនគរបាលយុត្តីធម៌ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយអនុលោមតាមបញ្ញត្តិនៃក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៨៥០ ចំណុច«ង» និងចំណុច«ឌ»។

ក្រុមការងារ បានដកហូតវត្ថុតាងរួមមានលួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងត៏ចំនួន១៣បេ ធុងទឹកចំណុះ៥០០០ លីត្រចំនួន១ កាមេរ៉ាចំនួន៤គ្រាប់ សូឡាចំនួន៣ផ្ទាំង និងដែក៣០គុណនិង៣០គុណ២ម៉ែត្រ១៣២ ដើម ដែក៧៥ គុណនឹង៧៥ គុណនឹង២ ម៉ែត្រចំនួន៦៦ដើម ដែក៣០គុណ និង៣០គុណនិង៦ម៉ែត្រ ១៥០ដើម ដែក៧៥គុណនឹង៧៥ គុណនិង៦ម៉ែត្រចំនួន៣ដើម ដែកសរសៃ១០លី ចំនួន៤៥ ដើម។

វត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ដឹកមករក្សាទុកនៅស្នាក់ការលើភ្នំ និងកំពុងបន្តស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ត្រូវចាត់មន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាមន្រ្តីឧទ្យានុរក្ស បន្តឃ្លាំមើល ស្រាវជ្រាវជនប្រព្រឹត្តបទល្មើស និងបន្តការពារ និងទប់ស្កាត់ កុំឱ្យមានសកម្មភាព បទល្មើសបន្តទៀត៕

To Top