អ៊ីរ៉ង់ ព្រមានថា ដំណេីរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ ទៅកាន់អាមេរិក ធ្វើឲខូចដល់កិច្ចចរចានុយក្លេអ៊ែរ
តេអេរ៉ង់៖ អ៊ីរ៉ង់បានព្រមានថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅកាន់សហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងធ្វើឱ្យខូចដល់កិច្ចចរចានុយក្លេអ៊ែរ ដែលទើបចាប់ផ្តើមថ្មីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
លោក ណេតាន់យ៉ាហ៊ូ បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធលើលោកឱ្យចាត់វិធានការតឹងរ៉ឹងលើសមត្ថភាពមីស៊ីលផ្លោងរបស់អ៊ីរ៉ង់នៅក្នុងការចរចានាពេលខាងមុខ។
នេះជាកិច្ចប្រជុំលើកទី៧ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាមួយលោក ត្រាំ ចាប់តាំងពីលោកវិលត្រឡប់មកកាន់តំណែងវិញ រួមទាំងកិច្ចប្រជុំមួយនៅទីក្រុងយេរូសាឡឹមក្នុងខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីលោក ត្រាំ បានប្រកាសបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
លោក ណេតាន់យ៉ាហ៊ូ បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានថា “នៅក្នុងដំណើរទស្សនកិច្ចនេះ យើងនឹងពិភាក្សាអំពីបញ្ហាជាច្រើន តំបន់ហ្គាហ្សា បញ្ហាថ្នាក់តំបន់ ប៉ុន្តែជាការពិតណាស់ ជាដំបូងគឺការចរចាជាមួយអ៊ីរ៉ង់”។
លោកបានថា លោកនឹងធ្វើបទបង្ហាញទៅកាន់លោក ត្រាំ អំពីទស្សនៈរបស់អ៊ីស្រាអែលទាក់ទងនឹង “គោលការណ៍នៃការចរចា គោលការណ៍សំខាន់ៗ” ដែល “សំខាន់មិនត្រឹមតែសម្រាប់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់នរណាម្នាក់នៅក្នុងពិភពលោក ដែលចង់បានសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា”៕
ប្រែសម្រួល ឈូក បូរ៉ា
