បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បាននិយាយថា លោកកំពុងពិចារណាបញ្ជូននាវាផ្ទុកយន្តហោះទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កំពុងរៀបចំបន្តការចរចាដែលមានគោលបំណងជៀសវាងជម្លោះថ្មីមួយក៏ដោយ។
យោងតាមគេហទំព័រ MSN បានឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រទេសអូម៉ង់បានសម្របសម្រួលការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា បានអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់វាយតម្លៃពីភាពធ្ងន់ធ្ងររបស់ទីក្រុងវ៉ាស៊ីនតោន និងបង្ហាញពីការឯកភាពគ្នាគ្រប់គ្រាន់សម្រាប់ការទូតដើម្បីបន្ត។
ការចរចានេះបានកើតឡើងបន្ទាប់ពីលោក ត្រាំ បានដាក់នាវាផ្ទុកយន្តហោះមួយគ្រឿងនៅក្នុងតំបន់ ដែលបង្កើនការភ័យខ្លាចចំពោះសកម្មភាពយោធាថ្មី។
លោក ត្រាំ ដែលបានចូលរួមក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាលពីឆ្នាំមុន និងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានគំរាមកំហែងកាលពីខែមុនថា នឹងធ្វើអន្តរាគមន៍យោធាក្នុងអំឡុងពេលនៃការបង្ក្រាបដ៏បង្ហូរឈាមរបស់រដ្ឋាភិបាលអ៊ីរ៉ង់លើការតវ៉ាទូទាំងប្រទេសនៅអ៊ីរ៉ង់ ប៉ុន្តែទីបំផុតបានផ្អាកទៅវិញ៕
ប្រែសម្រួលៈ ណៃ តុលា
