ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ផ្ដាំផ្ញើឱ្យមន្ត្រីទើបប្រកាសទទួលភារកិច្ចចំនួន ២០នាក់ បន្តខិតខំធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ

កំពង់ចាម ៖ មន្ត្រីរាជការចំនួន ២០រូប ត្រូវបានប្រកាសតែងតាំង ឲ្យទទួលភារកិច្ច ក្នុងនោះ៤រូបមកពីមន្ទីរធនធានទឹក និងឧតុនិយម ១រូបមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង​១៥រូប មកពីមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ។

ពិធីប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសល់ប្រជុំធំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

បន្ទាប់ពីពិធីប្រកាសតែងតាំងមន្ត្រីទាំង ២០រូប អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ផ្តាំផ្ញើ សូមឱ្យមន្ត្រីដែលទើបតែប្រកាសតែងតាំង ខិតខំប្រឹងប្រែងធ្វើការឲ្យបានល្អ ឲ្យសាកសមតួនាទីដែលទើបទទួលបាន និងឲ្យសាកសមតម្លៃរបស់ខ្លួន ដែលថ្នាក់ដឹកនាំអង្គភាពមានជំនឿទុកចិត្ត ដូច្នេះសូមមន្ត្រីយើងខិតខំធ្វើការងារឲ្យបានល្អ នៅក្នុងការបម្រើសេវាសាធារណៈ សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមរយៈការទំនាក់ទំនង ការបំពេញការងារ ឲ្យទាន់ពេលវេលា ឲ្យស្របតាមក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ។

លោកអភិបាលខេត្ត បានបន្តថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវឈរលើគោលការណ៍រក្សានូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ តាមរយៈគោលការណ៍ចែករំលែកការងារ និងការដោះស្រាយបញ្ហាក្នុងអង្គភាព ឬបញ្ហាឬបញ្ហាផ្សេងៗ ក្រៅអង្គភាព ចាំបាច់ត្រូវធ្វើការប្រជុំ ពីគ្រោះយោបល់ដើម្បីធ្វើការសម្រេច ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top