ព័ត៌មានជាតិ

ហ្វីលីពីន ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តដឹកនាំក្រុម AOT សម្របសម្រួល ដោះស្រាយបញ្ហាព្រំដែន ដោយអព្យាក្រឹត្យ

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានគូសបញ្ជាក់ថា ហ្វីលីពីន ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណង សម្របសម្រួលដោះស្រាយបញ្ហាព្រំដែន ដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព ។

នាជំនួបនេះ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានរំលឹកឡើងវិញ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព។

ក្នុងន័យនេះ, លោក បានគូសបញ្ជាក់ អំពីការប្ដេជ្ញាចិត្ត ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកបទពិសោធន៍ និងការកសាងសមត្ថភាព រវាងកងទ័ពនៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ទាំងផ្នែកកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។

ពាក់ព័ន្ធនឹងសភាពការណ៍ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតី ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញា ដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរ បានឯកភាពគ្នា នាពេលកន្លងមក។

បន្ថែមលើនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក្រុម AOT នឹងបន្តចូលរួមចំណែក យ៉ាងសកម្មថែមទៀត ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។

ក្នុងនោះដែរ លោកអគ្គមេបញ្ជាការ បានលើកឡើងថា ហ្វីលីពីន បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណង សម្របសម្រួលដោះស្រាយបញ្ហាព្រំដែន ដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែង សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ៕

To Top