រុស្ស៊ីបដិសេធលក្ខខណ្ឌ មិនអំណោយផល នៅក្នុងសន្ធិសញ្ញាសន្តិភាពអ៊ុយក្រែន ដោយបើកចំហ សម្រាប់ការសម្របសម្រួល
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា រុស្ស៊ីនឹងមិនទទួលយក លក្ខខណ្ឌមិនអំណោយផល សម្រាប់សន្ធិសញ្ញាសន្តិភាព លើអ៊ុយក្រែននោះទេ ទោះបីជាខ្លួនមិនច្រានចោលលទ្ធភាព នៃការសម្របសម្រួលក៏ដោយ ។
លោកបានកត់សម្គាល់ថា “យើងនឹងមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់យើងនោះទេ។ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយបែបនេះច្រើនដងហេីយ យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសម្របសម្រួល”។
លោកបានសង្កត់ធ្ងន់ថា ការដោះស្រាយវិបត្តិប្រកប ដោយចីរភាពនៅអ៊ុយក្រែន គឺមិនអាចទៅរួចទេ បើគ្មានការដោះស្រាយមូលហេតុដើមរបស់វាទេ ហើយវិធីសាស្រ្តនេះក៏ត្រូវបានទទួលស្គាល់ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកផងដែរ។
លោក Lavrov បានលេីកឡេីងថា “ដោយផ្អែកលើមូលដ្ឋាននេះ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិកនៅអាឡាស្កាក្នុងខែសីហា ឆ្នាំ២០២៥ ការយោគយល់គ្នាត្រូវបាន សម្រេចអំពីរបៀបធានា ការដោះស្រាយបញ្ហាអ៊ុយក្រែន ប្រកបដោយចីរភាព និងយូរអង្វែង។ ការយោគយល់គ្នាទាំងនេះនៅតែមាននៅលើតុពិភាក្សា”។
លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា នៅពេលដែលការដោះស្រាយសន្តិភាពត្រូវបានសម្រេច ទីក្រុងមូស្គូ នឹងមិនអត់ឱនចំពោះការគំរាមកំហែងណាមួយ ចំពោះសន្តិសុខរបស់រុស្ស៊ី ប្រជាជនរុស្ស៊ី ឬវប្បធម៌រុស្ស៊ីឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា
