លោក ឃួង ស្រេង ៖ រថយន្តអគ្គីភ័យជាច្រើនគ្រឿង តែងត្រៀមអន្តរាគមន៍ ជួយសង្គ្រោះពលរដ្ឋ និងទប់ស្កាត់គ្រោះអគ្គីភ័យ
ភ្នំពេញ៖ ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឡើងថា រដ្ឋបាលរាជធានគីភ្នំពេញ បានត្រៀមរថយន្តអគ្គីភ័យ ជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ និងការណែនាំឱ្យមន្ត្រីអនុវត្ត យកចិត្តទុកដាក់អនុវត្តដំបូងគេ គឺត្រូវសង្គ្រោះជីវិតមនុស្ស និងឱ្យត្រៀមរថយន្តសង្គ្រោះរបស់សុខាភិបាល នៅទីតាំងកើតហេតុ។

ការលើកឡើងរបស់លោក ឃួង ស្រេង ដូចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កុម្ភៈ២០២៦ ។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ អំពីការងាររបស់រដ្ឋបាលរាជធានី ក្នុងការទប់ស្កាត់គ្រោះអគ្គីភ័យ ការថែរក្សាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាមួយនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ រហូតរដ្ឋបាលរាជធានី ទទួលបានការជឿទុកចិត្ត ពីប្រជាពលរដ្ឋយ៉ាងខ្លាំង។

លោក ឃួង ស្រេង បានឡើងថា ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យ យើងបានត្រៀមរថយន្តអគ្គីភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាមួយនិងការណែនាំឱ្យមន្ត្រីយកចិត្តទុកដាក់អនុវត្ត ដំបូងគេ គឺត្រូវសង្គ្រោះជីវិតមនុស្ស ជាមួយនិងការណែនាំ ឱ្យត្រៀមរថយន្តសង្គ្រោះ នៅទីតាំងកើតហេតុជាស្រេច ។ កន្លងមករដ្ឋបាលរាជធានី បានចាត់ចែងរៀបចំ ដាក់រថយន្តពន្លត់អគ្គិភ័យនេះ នៅតាមខណ្ឌនិងគោលដៅមួយចំនួន ដើម្បីងាយចល័តសង្គ្រោះ។ នៅពេលបច្ចុប្បន្ន ការអន្តរាគមន៍លើគ្រោះអគ្គីភ័យនេះ នៅមានបញ្ហាប្រឈមច្រើន ដោយសារនៅភ្នំពេញមានអគារខ្ពស់ៗ រហូតដល់កំពស់៤៥ទៅ៤៧ជាន់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តការងារនេះ ដោយការយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើយ៉ាងណា កាត់បន្ថយឱ្យបាន នៅគ្រោះអគ្គីភ័យនេះ។

លោក ឃួង ស្រេង បានបន្តថា ពាក់ព័ន្ធនឹងការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានកំណាត់ផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ដោយមិនឱ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ហើយកិច្ចការងារនេះ សំរេចបានមួយជំហានធំ ដោយអាជីវករមួយចំនួន បានសម្រេចចិត្តទៅលក់ដូរ នៅផ្សារតាម៉ាប់ព្រែកជ្រៃ និងផ្សារដើមគថ្មី។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន នៅត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ ដើម្បីឱ្យទាន់ផែនការ ដែលជាបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានី ដែលបានអនុវត្តការងារ កន្លងមកបានយ៉ាងល្អ ទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ការបំរើសេវាជូនប្រជាពលរដ្ឋ រហូតទទួលបានចំណាត់ថ្នាក់លេខ២ ពីក្រសួងមហាផ្ទៃ។ រដ្ឋបាលរាជធានី បានដោះស្រាយកំណាត់ផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគ រហូតទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ពីប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ លើគ្រោះអគ្គីភ័យ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ចិន វៀតណាមខាងមុខនេះ បន្ថែមទៀត៕

