រដ្ឋមន្ត្រី ហេង សួរ ដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជា ចូលរួមវេទិកា ស្តីពីការលើកកម្ពស់ការត្រួតពិនិត្យ អនុលោមភាព នៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅប្រទេសបារាំង
ប៉ារីស៖ នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ ត្រីភាគីកម្ពុជា ចូលរួមវេទិកា របស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាព នៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

វេទិកានេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់អង្គការ OECD ដែលមានការចូលរួមដោយតំណាងរដ្ឋាភិបាលមកពីបណ្តាប្រទេសនានាជាសមាជិក និងមិនមែនជាសមាជិកអង្គការ OECD តំណាងម្ចាស់ម៉ាកធំៗ សហជីព និងសមាគមនិយោជកអន្តរជាតិ អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវ ដើម្បីពិភាក្សាលើបញ្ហាប្រឈមថ្មីៗនានា ដែលវិស័យកាត់ដេរ និងស្បែកជើងបានជួបប្រទះ ជាពិសេសការលើកកម្ពស់ការ អនុវត្តការបញ្ជាទិញប្រកបដោយការទទួលខុសត្រូវ។

នៅក្នុងវេទិកានេះ លោក ហេង សួរ ក៏បានអញ្ជើញធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាមួយផងដែរ ដោយបានចែករំលែកបទពិសោធ និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេល ដើម្បីទ្រលំនឹងសេដ្ឋកិច្ចជាតិ និងរក្សាបានភាពធន់នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងប្រាក់ចំណូលរបស់កម្មករនិយោជិតក្នុងវិស័យនេះ នៅក្នុងកាលៈទេសៈនៃវិបត្តិផងដែរ។

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការលើកកម្ពស់លក្ខខណ្ឌការងារ ដែលកម្ពុជាបានផ្សារភ្ជាប់ ជាមួយការធ្វើពាណិជ្ជកម្មអន្តរជាតិ និង ជាលក្ខខណ្ឌដែលធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវសង្គម (CSR) ៕





