ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ២.៦៩៩នាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២.៦៩៩នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានជិត ៥សែន៧ម៉ឺននាក់ ឬជិត ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា មានពលរដ្ឋភៀសសឹក ២.៦៩៩នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជិត ៥សែន៧ម៉ឺននាក់ ឬជិត ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៧៩.៦០៧នាក់ទៀត (ស្ត្រី៤១.៧៧៧នាក់ និងកុមារ២៦.៦៣៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕

To Top