អ៊ីរ៉ង់ថា ខ្លួនមិនចរចាលើបញ្ហាមីស៊ីលជាមួយអាមេរិកឡើយ
បរទេស៖ លោក Ali Shamkhani ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់គឺជាខ្សែបន្ទាត់ក្រហមរបស់ខ្លួន ហើយមិនមែនជាប្រធានបទដែលត្រូវចរចានោះទេ ខណៈដែលទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការចរចាជុំថ្មីមួយដើម្បីបញ្ចៀសជម្លោះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកការទូតសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើកិច្ចចរចាដោយប្រយោលកាលពីសប្តាហ៍មុននៅប្រទេសអូម៉ង់ ចំពេលមានការបង្កើនកងទ័ពជើងទឹកក្នុងតំបន់ដោយសហរដ្ឋអាមេរិកគំរាមកំហែងអ៊ីរ៉ង់។
លោក Ali Shamkhani បាននិយាយយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈពេលដែលបង្ហាញខ្លួននៅក្នុងការដង្ហែក្បួនរំលឹកខួបលើកទី៤៧ នៃបដិវត្តន៍អ៊ីស្លាមថា “សមត្ថភាពមីស៊ីលរបស់សាធារណរដ្ឋអ៊ីស្លាមគឺមិនអាចចរចាបានទេ”។
ទីក្រុងវ៉ាស៊ីនតោនបានស្វែងរកជាយូរមកហើយដើម្បីពង្រីកការចរចាលើសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីគ្របដណ្តប់លើកម្មវិធីមីស៊ីលរបស់ខ្លួនផងដែរ។ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការលើកលែងទណ្ឌកម្ម ប៉ុន្តែបានច្រានចោលម្តងហើយម្តងទៀតចំពោះការភ្ជាប់បញ្ហានេះទៅនឹងសំណួរផ្សេងទៀត រួមទាំងមីស៊ីលផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ត្រូវបានគេរំពឹងថានឹងប្រើប្រាស់កិច្ចប្រជុំជាមួយលោក Trump នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ ដើម្បីជំរុញកិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីរួមបញ្ចូលការកំណត់លើមីស៊ីលរបស់ទីក្រុងតេហេរ៉ង់៕
ប្រែសម្រួលៈ ណៃ តុលា
