ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះអនុសេនីយ៍ទោ ស៊ិន សុភា នាយរងផ្នែក បញ្ជាចរាចរណ៍ទី២

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ អនុសេនីយ៍ទោ ស៊ិន សុភា នាយរងផ្នែក បញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជុំវិញករណីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរបាលខាងលើ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងលើក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ និងការគោរពបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលមានការដាក់ចេញនូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់ពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនលើកលែងចំពោះមន្ត្រីរូបណាដែលបានធ្វើសកម្មភាពប្រព្រឹត្តខុសពីបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ឬក៏ប្រព្រឹត្តខុសច្បាប់ណាមួយ ដែលបណ្តាលឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ៕

To Top