បុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិន ជាថ្ងៃបុណ្យដ៏ធំ និង សំខាន់បំផុត របស់ប្រជាជាតិចិន។ បច្ចុប្បន្ន បុណ្យចូលឆ្នាំចិន មិនត្រឹមតែជាថ្ងៃបុណ្យ របស់ជនជាតិចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃបុណ្យ របស់ប្រជាជនទូទាំងពិភពលោកផងដែរ ពីព្រោះតែបុណ្យចូលឆ្នាំចិន ត្រូវបានដាក់ បញ្ចូលក្នុង «បញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ កាលពីខែធ្នូឆ្នាំ២០២៤ ។

ក្រៅពីទំនៀមទម្លាប់ប្រពៃណី ដូចជាការបោសសម្អាតផ្ទះសម្បែង និងបិទពាក្យទំនឹមចូលឆ្នាំចិន, ការជូនដំណើរទេវតាឆ្នាំចាស់និងទទួលទេវតាឆ្នាំថ្មី, ការសែនកុងម៉ា, ការទទួលទានអាហារជុំគ្រួសារ, ការជូនអាំងប៉ាវ ឱ្យឪពុកម្តាយឬឱ្យទៅក្មេងៗ។ល។ អ្វីដែលជាលក្ខណៈពិសេស នៃបុណ្យចូលឆ្នាំចិន គឺការរាប់ឆ្នាំតាមវដ្ត នៃសត្វតំណាងឆ្នាំទាំង១២ ។ ដោយឡែក ឆ្នាំ២០២៦ នេះត្រូវជាឆ្នាំមមី ដែលត្រូវបានជនជាតិចិន ចាត់ទុកថា ជាឆ្នាំ ដែលតំណាង ឱ្យភាពស្វាហាប់ ក្លៀវក្លានិងរឹងមាំ ។ តើនៅក្នុងអរិយធម៌ និងវប្បធម៌ចិន សត្វសេះជានិមិត្តរូប នៃអ្វី ហើយមានអត្ថន័យបែបណា?
«វប្បធម៌សេះ» របស់ចិនមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ បន្ទាប់ពីត្រូវបានផ្សាំងកាលពីជាង៥០០០ ឆ្នាំមុន សត្វសេះមិនត្រឹម តែបានបន្ថែមអត្ថន័យសម្រាប់អរិយធម៌ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជ្រាបចូលទៅក្នុងអរិយធម៌ របស់ពិភពលោកផងដែរ ។
ក្នុងសម័យបុរាណចិន សេះជាជំនិះដ៏សំខាន់បំផុត ទាំងផ្នែកយោធានិងស៊ីវិល ។ ក្នុងវិស័យយោធា សេះចម្បាំងដែលធំមាំ និងរត់បានលឿនគឺជា «អាវុធយុទ្ធសាស្ត្រ»សម្រាប់យកឈ្នះសត្រូវ និងសម្រាប់ដឹកជញ្ជូនស្បៀងទៅឱ្យកងទ័ព ។ ឯក្នុងវិស័យស៊ីវិល សេះជាជំនិះសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ការដឹកជញ្ជូនអីវ៉ាន់និងជា «គូកន» មិនអាចខ្វះបានរបស់ក្រុមជនជាតិ ភាគតិចដែលជាអ្នកគង្វាល ។
លើសពីនេះ សត្វសេះបានដើរតួនាទី មិនអាចខ្វះបានក្នុងទំនាក់ទំនង ពាណិជ្ជកម្មរវាងចិន និងបរទេស កាលពីសម័យបុរាណ។ កាលនោះ ក្រុមឈ្មួញចិនបានដឹកទំនិញ តាមសេះយកទៅលក់ នៅក្រៅប្រទេស ជាពិសេសស្លឹក តែដែលជាផលិតផលពិសេស របស់ចិន ជាទំនិញដែលមាន ប្រជាប្រិយភាពខ្លាំង នៅប្រទេសជិតខាង។ ផ្លូវដែលក្រុមឈ្មួញបរសេះដឹកតែយកទៅលក់ត្រូវបានគេហៅថា«ផ្លូវបុរាណតែនិងសេះ»។ ដោយឡែក នៅតាមផ្លូវសូត្របុរាណភាគពាយព្យ ក៏មានវត្តមានរបស់ក្រុមឈ្មួញ ដែលដឹកទំនិញតាមសត្វសេះផងដែរ។ ការធ្វើពាណិជ្ជកម្មឆ្លងដែននេះ មិនត្រឹមតែជាការធ្វើជំនួញ នោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយពីអរិយធម៌ និងវប្បធម៌ចិនទៅកាន់ប្រទេសជិតខាងនិង ការស្រូបយកអរិយធម៌ និងវប្បធម៌នៃប្រទេសនានាចូលប្រទេសចិន ដែលជាដំណើរការ នៃការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងអរិយធម៌ទីទៃគ្នា។

នៅក្នុងអរិយធម៌ចិនបុរាណ សត្វសេះត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃភាពស្វាហាប់ , ក្លៀវក្លា , អង់អាច , ថាមពល , ល្បឿន , ស្មោះត្រង់និងសិរីសួស្តី ។ ល។ អាស្រ័យហេតុនេះ ជនជាតិចិន បានបង្កើតពាក្យជាច្រើន ដែលពាក់ព័ន្ធនឹងសត្វសេះ ឧទាហរណ៍ដូចជាពាក្យថា «ស្មារតីសេះនាគ»ដែលមានន័យថា មានថាមពលខ្លាំងក្លានិងស្មារតី អង់អាចក្លាហាន ហ៊ានតស៊ូពុះពារទៅមុខដូចសត្វនាគនិងសត្វសេះ។ ពាក្យថា«សេះពាន់លី» ( មួយលីស្មើនឹង០.៥គីឡូម៉ែត្រ ) ដែលមានន័យថាសត្វសេះដែលអាចរត់មួយថ្ងៃ បានបួនប្រាំរយគីឡូម៉ែត្រ ដែលប្រៀបប្រដូចទៅនឹង ធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ ។ ពាក្យថា «សេះមកដល់ក៏ជោគជ័យ» ដែលមានន័យថា សេះចម្បាំងមកដល់ក៏អាចច្បាំងយកឈ្នះបាន តំណាងឱ្យការធ្វើអ្វីៗ មានភាពរលូននិង ឆាប់បានជោគជ័យ ។
ក្នុងជំនឿនិងទំនៀម ទម្លាប់ប្រពៃណី របស់ជនជាតិចិននាសម័យបុរាណ គេជឿថា សត្វសេះជាភ្នាក់ងារ សម្រាប់ការទាក់ទងគ្នារវាងមនុស្សនិងទេវតា ដែលអាចបណ្តេញគ្រោះ ឧបទ្រពចង្រៃ ។ ដូច្នេះ ជនជាតិចិនសម័យបុរាណតែងតែគូររូបសត្វសេះ លើខ្លោងទ្វារផ្ទះឬក្នុងគំនូរ ចូលឆ្នាំហើយយកទៅ បិទលើទ្វារ ដើម្បីការពារកុំឱ្យខ្មោចព្រាយ បិសាចលបចូលផ្ទះ បង្ការនិងបណ្តេញគ្រោះចង្រៃ និងនាំមកនូវសិរីសួស្តី និងសេចក្តីសុខសេចក្តីចម្រើន។
ក្នុងស្នាដៃសិល្បៈបុរាណចិន រូបរាងរបស់សត្វសេះត្រូវ បានផលិតជាសម្ភារៈផ្សេងៗនិងរំលេចឡើងក្នុងរូបគំនូរ។ បុព្វបុរសចិនបានបន្សល់ទុកនូវ វត្ថុបុរាណជាច្រើនដែលពាក់ព័ន្ធនឹងសត្វសេះ ក្នុងចំណោមនោះ រូប«សេះជាន់ត្រចៀកកាំ»ដែលជាស្នាដៃសិល្បៈសំរឹទ្ធកំពូលក្នុងរជ្ជកាលហាន់ខាងកើត (ឆ្នាំ២៥-២២០ នៃគ្រិស្តសករាជ) ត្រូវបានរចនាជារូបសញ្ញាតំណាង ឱ្យវិស័យទេសចរណ៍ចិននាសម័យបច្ចុប្បន្ន។ ចំណែកឯ «រូបស្មូនទាហាននិងសេះ» នៅក្នុងក្រុមសំណង់ផ្នូរអធិរាជ ឈីនស៊ី ដែលជាអច្ឆរិយវត្ថុទី៨ លើពិភពលោក មានសណ្ឋាននិងកាយវិការខុសៗគ្នា ដែលបង្ហាញពីភាពអង់អាចក្លាហាន នៃក្បួនទ័ពសេះនៃរជ្ជកាលឈីន ។
គួរបញ្ជាក់ថា ក្រៅពីការប្រតិបត្តិ តាមប្រពៃណី ទំនៀមទម្លាប់បុរាណក្នុងឱកាសបុណ្យចូលឆ្នាំចិន ប្រជាជនចិនសម័យបច្ចុប្បន្នក៏និយម ចូលចិត្តទស្សនា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ចិននៅយប់ដាច់ឆ្នាំដើម្បីឆ្លងឆ្នាំថ្មីជាមួយក្រុមគ្រួសារក្នុងបរិយាកាសសប្បាយរីករាយ។ កម្មវិធីរាត្រីសមោសរឆ្នាំនេះ នឹងធ្វើក្រោមប្រធានបទ«សេះពាន់លីបំផាយទៅមុខ កម្លាំងខ្លាំងមិនអាចរារាំងបាន» ដែលឆ្លុះបញ្ចាំងពី«វប្បធម៌សេះ»របស់ចិនតាមរយៈកម្មវិធីសម្តែងចម្រុះបែប ។
អរិយធម៌ចិន ដែលមានប្រវត្តិសាស្ត្រជាង៥០០០ ឆ្នាំ បានបង្កើតជាទំនៀម ទម្លាប់ប្រពៃណីចម្រុះបែប ។ ឯបុណ្យចូលឆ្នាំចិន គឺជាការរំលេចពី វប្បធម៌ប្រពៃណីចិន តាមគ្រប់ទម្រង់និងគ្រប់សកម្មភាព ដែលញ៉ាំងឱ្យពិភពលោកបានយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ចិន។ មានតែការគោរព ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ទើបអាចកសាងពិភពលោកមួយ ដែលប្រកបដោយបរិយាបន្ននិងសុខដុមរមនា៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
